
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ ឬអ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗនេះ ហើយត្រូវស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា តាមគម្រោងភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ ដែលគ្មានការ រាតត្បាតពីជំងឺកូវីដ-១៩។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកទទួលភ្ញៀវទេសចរឡើងវិញនាពេលខាងមុខនេះ សម្រាប់តែអ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ១៩រួចប៉ុណ្ណោះ ហើយអាចចាប់ផ្តើមដំណើរការ«វ៉ាក់សាំងទេសចរណ៍»ជាមួយចិនមុនគេ៕