
ភ្នំពេញ៖នៅពេលបច្ចុប្បន្ននេះជើងហោះហើរត្រង់ចូលមកប្រទេសកម្ពុជា ក្នុងមួយថ្ងៃមានចំនួនប្រមាណពី២ទៅ៥ជើងហោះហើរ ដោយក្នុងមួយជើងផ្ទុកមនុស្សប្រហែល២០នាក់ភាគច្រើនជាអ្នកវិនិយោគ មិនមែនជាអ្នកទេសចរ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កម្ពុជាទទួលបានជើងហោះហើរតែ ២ ទៅ ៥ ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ ប្រទេសដែលហោះហើរមកកម្ពុជាមានពីប្រទេសសិង្ហបុរី ចិន ថៃ តៃវ៉ាន់ ហុងកុង និងកូរ៉េ។
បើតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ចំពោះការហោះហើរទៅពីចិនមកកម្ពុជា និងពីកម្ពុជាទៅចិនវិញមានតែ១ ទៅ ២ ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ ព្រោះប្រទេសចិនមានការរឹតត្បិតជើងហោះហើរ ដើម្បីជាវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។
គួរបញ្ជាក់ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ដអូសបន្លាយដូចនេះវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍កម្ពុជា ហើយមកដល់បច្ចុប្បន្ននេះ។រយៈពេល៧ខែក្នុងឆ្នាំ២០២១ កម្ពុជាទទួលបាទេសចរណ៍ផ្ទៃក្នុងសរុបចំនួន ២.៣០០.៨៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជា ២.១៤៦៩៥៩ នាក់ ថយចុះ ៣៨%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុបប្រមាណជា ១៥៣៩៩២ នាក់ថយចុះ៩០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកទទួលភ្ញៀវទេសចរឡើងវិញនាពេលខាងមុខនេះ សម្រាប់តែអ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ១៩រួចប៉ុណ្ណោះ ហើយអាចចាប់ផ្តើមដំណើរការ«វ៉ាក់សាំងទេសចរណ៍»ជាមួយចិនមុនគេ៕