Yearendyearend1140x150

រកឃើញកូនក្រពើភ្នំចំនួន៨ក្បាល ដែលកំពុងរងគ្រោះជិតផុតពូជ នៅតំបន់ស្រែពក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សត្វក្រពើដែលក្រុមការងារក្រសួងបរិស្ថាន និងអង្គការWWFថតបាន។
រូបភាព៖ក្រសួងបរិស្ថាន 

ភ្នំពេញ៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ(Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត សរុបចំនួន ៨ក្បាល នៅតំបន់ស្រែពក ខេត្តមណ្ឌលគិរី។

បើតាមកំណត់ត្រាលើកដំបូងបង្អស់ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនៃហ្វូងកូនសត្វក្រពើភ្នំដ៏កម្របំផុតនៅក្នុងតំបន់ទីជម្រកស្រែពក ផ្តល់ក្តីសង្ឃឹមដល់ការអភិរក្សជាសាកល បានឱ្យដឹងថា ក្រុមការងារនៃក្រសួងបរិស្ថាន និងអង្គការWWF បានប្រទះសត្វក្រពើទាំងនោះ ខណៈពេលដែលពួកគេបានចុះតាមដាន និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “នេះគឺជាដំណឹងដ៏ល្អមួយដែលយើងត្រូវសាទរនិងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការWWF និងអង្គការដៃគូ ជាពិសេសសមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការWWF ដែលបានខិតខំប្រឹងប្រែងការរស់រានរបស់កូនក្រពើភ្នំដែលទើបត្រូវបានគេស្រាវជ្រាវឃើញពេលនេះ»។

ឯកឧត្តមបន្តថា បន្ថែមពីនេះ គឺត្រូវការការពារទីជម្រករបស់ពួកវាដោយសុវត្ថិភាពល្អ ត្រូវបានស្ថិតក្រោមការធានា និងឃ្លាំមើលយ៉ាងតឹងរ៉ឹងដោយមន្ត្រីអនុវត្តច្បាប់ដែលធ្វើការនៅក្នុងតំបន់ការពារ ក៏ដូចជាដោយមានការចូលរួមក្នុងការថែរក្សាតំបន់ការពារធម្មជាតិពីសំណាក់សហគមន៍មូលដ្ឋាននៅជុំវិញតំបន់ការពារ ព្រមទាំងការអនុវត្តនូវកម្មវិធីអភិវឌ្ឍជីវភាពរបស់សហគមន៍ឲ្យបានប្រសើរឡើង ដែលទាំងនេះជាផ្នែកសំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងរបស់ក្រសួងបរិស្ថាន និងអង្គការWWF។

ចំណែកលោក ប៊ុន សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា៖ «ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវយើងបានធ្វើការតាមដានជាប្រចាំ ហើយសម្រាប់ការចុះតាមដានមួយជើងនេះ ពួកយើងបានចំណាយអស់រយៈពេល ៤យប់ ដើម្បីអង្កេតមើលស្ថានភាពរបស់សត្វក្រពើភ្នំនៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧:០០យប់ រហូតដល់រំលងអធ្រាត្រ ប្រហែលទល់ ម៉ោង២:០០ព្រឹក»។

បើតាមលោក ប៊ុន សុធា គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF ។

ផ្អែកតាមកញ្ញា Milou Groenenberg ជាប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF របកគំហើញនាពេលនេះត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាការវិវត្តន៍ដ៏វិជ្ជមានមួយ នៃការសិក្សាស្តីពីសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃស្រែពក ដោយហេតុថាវត្តមានរបស់សត្វនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវនានាដែលគេធ្លាប់ទទួលបានកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយរីឯការកត់ត្រាវត្តមានរបស់វាតាមរយៈរូបភាពក៏គ្មានដែរក្នុងទសវត្សរ៍ចុងក្រោយនេះ។

កញ្ញា Milou បាននិយាយថា៖ «កាលពីមុនអ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចបញ្ជាក់ច្បាស់បានទេថាសត្វក្រពើភ្នំដែលរស់នៅក្នុងទីជម្រកស្រែពកនេះអាចមានគូបង្កាត់ពូជបាន ហើយក៏គេកាន់តែមិនអាចបញ្ជាក់បានទៀតថា តើសត្វនេះបានធ្វើសំបុកនៅទីណាមួយក្នុងតំបន់នេះ ហើយមានញាស់កូនដែរឬអត់ នោះឡើយ»។

សូមជម្រាបជូនថា សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់) ក្បាលឡើយ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង