ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកទទួលភ្ញៀវទេសចរឡើងវិញនាពេលខាងមុខនេះ។ប៉ុន្តែការបើកនេះសម្រាប់តែអ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ១៩រួចប៉ុណ្ណោះ។នេះបើយោងតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ដែលជាសសរស្ដម្ភដ៏សំខាន់មួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ហើយប្រទេសមួយចំនួនបានពឹកផ្អែកលើកវិស័យនេះ។ដើម្បីស្ដារវិស័យនេះឡើងវិញ កម្ពុជាកំពុងតែសិក្សាពីក្របខណ្ឌនៃការបើកទ្វារទទួលភ្ញៀវទេសចរអន្ដរជាតិដែលចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យចូលមកកាន់កម្ពុជាឡើងវិញ។
បើតាមសម្តេច ហ៊ុន សែន បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងគិតគូរបើកដំណើរការឡើងវិញនូវអាជីវកម្មមួយចំនួនទាំងផ្នែកសេវាកម្ម ក្នុងផ្នែកទេសចរណ៍ផងដែរ។ការរៀបចំនេះធ្វើឡើងដើម្បីត្រៀមបើកទទួលអ្នកទេសចរដែលចាក់វ៉ាក់សាំងកូវីដ-១៩រួច ហើយទេសចរដែលចូលមកកម្ពុជាអាចនឹងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ហើយភ្ញៀវទេសចរនោះអាចមានសិទ្ធិដើរកំសាន្តក្នុងទីក្រុងដែលខ្លួនបានចុះចតផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណតែ១លាន៣សែននាក់ប៉ុណ្ណោះ។ ចំនួននេះ ថយចុះប្រមាណ ៨០% បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុននេះ បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍កម្ពុជា បាត់បង់ចំណូលជាង៣ពាន់លានដុល្លារអាមេរិក។
នៅក្នុងឆ្នាំ២០២១នេះ ស្ថានការណ៍នៃវិស័យទេសចរណ៍នៅតែមិនទាន់ល្អប្រសើរ រយៈពេល៧ខែក្នុងឆ្នាំ២០២១ កម្ពុជាទទួលបាទេសចរណ៍ផ្ទៃក្នុងសរុបចំនួន ២.៣០០.៨៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជា ២.១៤៦៩៥៩ នាក់ ថយចុះ ៣៨%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុបប្រមាណជា ១៥៣៩៩២ នាក់ថយចុះ៩០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ គឺទេសចរជនជាតិថៃ តាមពីក្រោយដោយភ្ញៀវទេសចរជនជាតិចិន និងជនជាតិវៀតណាម ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ អាមេរិក បារាំង និងជប៉ុនជាដើម៕