
កំពង់ស្ពឺ៖ ជនជាតិដើមភាគតិច«សួយ» ប្រមាណជាង២ពាន់នាក់ក្នុងខេត្តកំពង់ស្ពឺបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទ johnson & johnson សម្រាប់ដូសទី១នៅថ្ងៃទី១៦កញ្ញានេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ី សំណាង អភិបាននៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី ១៦ ខែកញ្ញានេះក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់បាននាំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋជនជាតិដើមភាគតិច " សួយ " ប្រមាណជាង២ពាន់នាក់ដែលស្ថិតនៅក្នុងភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះកិច្ចចាក់វ៉ាក់សាំងនេះ អាជ្ញាធរបានរៀបចំនិងរំកិលមូលដ្ឋានចាក់វ៉ាក់សាំងឲ្យទៅជិតផ្ទះរបស់បងប្អូនជនជាតិដើមភាគតិច«សួយ» និងបានប្រមូលកៀរគរឲ្យជនជាតិដើមភាគតិចឲ្យទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទ johnson & johnson ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ស្ពឺទទួលបានបានវ៉ាក់សាំងកូវីដ-១៩ប្រភេទ johnson & johnsonពីរដ្ឋាភិបាលប្រមាណ ៣៥,០០០ដូស សម្រាប់ចាក់ជូនជនជាតិដើមភាគតិច«សួយ» ហើយវ៉ាក់សាំងដែលនៅសេសសល់នឹងត្រូវបង្វែរទៅឲ្យតំបន់ ឬខេត្តដែលខ្វះខាត៕

