Cctime 6monthsfree desktop
Cc times  web banner kh (2)

ទូតចិន៖«ផ្លែមៀន»កម្ពុជានឹងក្លាយជាផ្លែឈើស្រស់ទី៣ដែលនាំចូលទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា ចិននិងកម្ពុជា បានចាប់ផ្តើមកិច្ចចរចាស្តីអំពីការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ ភាគីកម្ពុជាកំពុងរៀបចំផែនការនិងវិធានការការពារចំពោះហានិភ័យសត្វល្អិតដែលអាចកើតទៅតាមតម្រូវការ។ រំពឹងទុកថា ផ្លែមៀនកម្ពុជានឹងក្លាយជាផ្លែឈើស្រស់ប្រភេទទីបីដែលទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេកនិងស្វាយ។

ឯកឧត្តម Wang Wentian ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃចំពោះផ្លែមៀនស្រស់កម្ពុជា ខណៈការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត។ ការសន្យានេះធ្វើឡើងស្របពេលដែលភាគីចិនបានឆ្លើយតបមកកម្ពុជាចំពោះសំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងដំណើរទស្សនកិច្ចលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន មកកម្ពុជាកាលពីថ្ងៃទី ១២ កញ្ញា លោកបានអះអាងថាចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។លោកវ៉ាង យី ថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន ចិននឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។

ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្រោយពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបញ្ហាកសិផលជាមួយ លោក វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមៀនប៉ៃលិនជាដើម។ សម្តេចបានមានប្រសាសន៍ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ កម្ពុជានឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង