
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ កញ្ញានេះ បានសម្រេចអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើទំនិញឌីជីថល និង សេវាឌីជីថលដែលធ្វើប្រតិបត្តិតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សេចក្តីសម្រេចនេះ មានគោលបំណងកំណត់វិធានការ និង នីតិវិធីអនុវត្ត និងគ្រប់គ្រងការប្រមូលពន្ធបន្ថែមលើការផ្គត់ផ្គង់ទំនិញឌីជីថល ឬយល់ម្យ៉ាងទៀតថា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញ និងសេវាឌីជីថលដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអាករអនិវាសនជនមិនមានទីស្នាក់អាចិន្រ្តៃយ៍នៅកម្ពុជា។
សេចក្តីសម្រេចនេះ មានវិសាលភាពអនុវត្តចំពោះអ្នកផ្គត់ផ្គង់ជំនិញឌីជីថល និងសេវាឌីជីថលតាមប្រព័ន្ធអនឡាញនៅក្រៅប្រទេសមកកម្ពុជា និង អ្នកនៅក្នុងប្រទេសកម្ពុជា។មានន័យថា បុគ្គលជាប់អាករឬអ្នកនាំចូលមានកាត្វកិច្ចត្រូវបង់អាករដែលកំណត់ដោយច្បាប់។
គួរបញ្ជាក់ថា បុគ្គលជាប់ពន្ធអាករមិនបានចុះបញ្ជី ឬមិនបានធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករជូនរដ្ឋបាលសារពើពន្ធ ត្រូវទទួលរងទោសទណ្ឌដូចដែលមានចែកក្នុងច្បាប់ពន្ធដារជាធរមាន៕





