ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់។ តួលេខនេះមានការកើនឡើង ២៤.២៥% ធៀបនឹងសប្តាហ៍កន្លងទៅ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត។
យោងតាមសេចក្តីប្រកាស ក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា (ថ្ងៃទី១១-១២) ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ១៨,៨៤៦ នាក់, ខេត្តកំពត ១៥,៧២១ នាក់, ខេត្តកែប ៧,៥៧០ នាក់, ខេត្តតាកែវ ៣,៧៣៦ នាក់, ខេត្តព្រះសីហនុ ៣,៣៨៤ នាក់ និងខេត្តពោធិ៍សាត់ ៣,២៥៨ នាក់។
ទន្ទឹមនឹងនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា តួលេខនេះមានការកើនឡើង ២៤.២៥% ធៀបនឹងសប្តាហ៍កន្លងទៅ។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរណ៍ផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តមបានបន្តថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។
ជាងនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ៕