ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី ១៤ កញ្ញានេះ បានបន្តកិច្ចប្រជុំជជែកគ្នាកំណត់តួលេខ ក្នុងការដំឡើងប្រាក់ឈ្នួលគោលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និង ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។ជាកិច្ចប្រជុំដែលបានធ្វើឡើងក្នុងភាពតានតឹងដោយសារតំណាងភាគីកម្មករ និង និយោជិកមិនចុះសម្រុងគ្នារឿងតួលេខ។
កិច្ចប្រជុំមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ហើយក្នុងកិច្ចប្រជុំផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៧ រួមមាន ស្ថានភាពគ្រួសារ ការចំណាយក្នុងការរស់នៅ អតិផរណា ផលិតភាពពលកម្ម ភាពប្រជែងឈ្នះនៃប្រទេស ស្ថានភាពទីផ្សារការងារ និងភាពចំណេញនៃវិស័យ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឱ្យដឹងថា ការប្រជុំរយៈពេលមួយព្រឹកនេះ មានការជជែកវែកញែកគ្នាខ្លាំង ដោយខាងនិយោជកបានបង្ហាញតួលេខថយមកនៅត្រឹមតែ ១៨៣.៤ដុល្លារ ចំណែកខាងសហជីព បានរក្សាតួលេខនៅដដែលចំនួន ២១៤.២ដុល្លារ ដោយលោកបានពន្យល់ក្នុងអង្គប្រជុំទៅលើទឡ្ហីករណ៍ទាំង៧ ដែលស្មើនឹង ១.៦% ដោយគណនាស្មើនឹងទឹកប្រាក់ត្រូវកើន ២២.២ដុល្លារ។
ក្នុងនោះផងដែរ រាជរដ្ឋាភិបាល បានបង្ហាញតួលេខរបស់ខ្លួនតាមការគណនាដូចគ្នាស្មើនឹងតួលេខ ១៩១.៩ដុល្លារតែប៉ុណ្ណោះ។ ដោយសារតួលេខនៃការចរចាមិនឯកភាពគ្នា ក្រុមប្រឹក្សាអនុញ្ញាតឱ្យភាគីទាំងអស់ ប្រជុំភិភាក្សាគ្នាត ហើយនឹងជជែកគ្នាជាថ្មីម្តងទៀតនៅថ្ងៃទី២១ កញ្ញា ២០២១ ខាងមុខនេះ។
សូមជម្រាបថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាឆ្នាំ២០២១ មានចំនួន១៩២ដុល្លារ ក្នុងមួយខែ៕


