បន្ទាយមានជ័យ៖ បុរសចំនួន២នាក់ត្រូវបានអធិការស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនក្រោយពីជនសង្ស័យទាំង២នាក់នេះ ប្រទូសកេរខ្មាស់ នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យកូប ស្រុកអូរជ្រៅ។នេះបើយោងតាម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់ស៊ីស៊ីថាមស៍។
ជនសង្ស័យទី១មានឈ្មោះ សុខ វង្ស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិ ស្រុកកណ្តៀង ខេត្តពោធិសាត់ និងម្នាក់ទៀតឈ្មោះ ណាយ ភី អាយុ២៦ឆ្នាំ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យទាំង២នាក់ ត្រូវបានអធិការស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនដោយចោទពីបទ ប្រទូសកេរខ្មាស់ នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យកូប។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ករណីទាំង២ខាងលើនេះមិនមែនជា ការចាប់រំលោភសេពសន្ថវៈ ហើយឯកឧត្តម បានស្នើដល់មន្ត្រីអង្កការសង្គមស៊ីវិលគួរតែពិនិត្យឱ្យបានលម្អិតមុនសម្តែងការសោកស្តាយ។ចំពោះជនទាំង២នាក់ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី ១៣កញ្ញា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអះអាងថា ករណីរំលោភសេពសន្ថវៈទៅលើស្ត្រីអ្នកធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័កវិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។សង្គមស៊ីវិលសោកស្តាយករណីនេះ និងស្នើឱ្យមានការសន្តិសុខតឹងរឹងមណ្ឌលចត្តាឡីស័ក៕