
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១២ កញ្ញានេះ បានជូនដំណឹងទៅអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ស្តីពីដំណើរការបើកព្រំដែនឡើងវិញ។ការសម្រេចនេះ ធ្វើឡើងក្រោយពីវិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគ កូវីដ-១៩ ប្រភេទដែលតា (Delta) នឹងត្រូវបញ្ចប់។
យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា វិធានការបិទខ្ទប់ខេត្តជាប់ព្រំដែនរយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគ កូវីដ-១៩ ប្រភេទដែលតា (Delta) នឹងត្រូវបញ្ចប់នៅម៉ោង ២៣៖៥៩ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមដំណើរការបើកព្រំដែនឡើងវិញ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ តទៅ។
ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានស្នើអភិបាលខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ និងស្នើសុំកុំឱ្យមានការបញ្ជូនពលករខ្មែរទាំងនោះមកជាគំហុក៕