
អាមេរិក៖ លោកប្រធានាធិបតីចូ បៃដិន សម្រេចឲ្យចាក់វ៉ាក់សាំងកាតព្វកិច្ចដល់មន្រ្ដីរដ្ឋការសហរដ្ឋអាមេរិកទាំងអស់ និង ក្រុមហ៊ុនដែលមានកិច្ចសន្យាការងារជាមួយនឹងរដ្ឋាភិបាល។ការសម្រេចនេះ ធ្វើឡើងខណៈបទបញ្ជាវ៉ាក់សាំងថ្មីនេះអាចប៉ះពាល់ដល់ជនជាតិអាមេរិកជិត ១០០ លាននាក់។
ដោយសារប្រឈមមុខនឹងស្ថានការណ៍ធ្ងន់ធ្ងរនៃការកើនឡើងនៃករណីឆ្លងកូវីដ-១៩ នៅសហរដ្ឋអាមេរិកប្រធានាធិបតីអាមេរិកលោក បៃ ដិន បានប្រកាសនៅថ្ងៃទី ៩ នូវបទបញ្ជាវ៉ាក់សាំងថ្មីសម្រេចឲ្យចាក់វ៉ាក់សាំងកាតព្វកិច្ច។បច្ចុប្បន្នក្រសួងការងារអាមេរិកកំពុងបង្កើតច្បាប់ តម្រូវឱ្យនិយោជកទាំងអស់ត្រូវតែចាក់វ៉ាក់សាំង។
លោក បៃ ដិន តម្រូវឱ្យកម្មករសហព័ន្ធទាំងអស់ត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩ ហើយអ្នកម៉ៅការនិងនិយោជិកដែលមានទំនាក់ទំនងអាជីវកម្មជាមួយរដ្ឋាភិបាលសហព័ន្ធ ក៏ត្រូវចាក់វ៉ាក់សាំងផងដែរ។ លោក បៃ ដិន តម្រូវឱ្យបុគ្គលិកពេទ្យត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩ ខណៈមានបុគ្គលិកពេទ្យប្រមាណ ១៧ លាននាក់នៅសហរដ្ឋអាមេរិក។
បច្ចុប្បន្នជនជាតិអាមេរិកាំងជាង ៧០ លាននាក់ ដែលមានសិទ្ធិទទួលវ៉ាក់សាំង មិនត្រូវបានចាក់វ៉ាក់សាំងទេ។ យោងតាមទិន្នន័យពីគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក គិតត្រឹមថ្ងៃទី ៩ ជនជាតិអាមេរិកជាង ១៧៧ លាននាក់ បានបញ្ចប់ការចាក់វ៉ាក់សាំង ដែលមានចំនួន ៥៣,៤% នៃចំនួនប្រជាជនអាមេរិកសរុប។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យចនហបឃីននៅសហរដ្ឋអាមេរិក គិតត្រឹមល្ងាចថ្ងៃទី ៩ ចំនួនករណីឆ្លងដែលបានបញ្ជាក់នៅសហរដ្ឋអាមេរិកមានលើសពី ៤០.៦ លាននាក់ ហើយចំនួនអ្នកស្លាប់កើនឡើងលើសពី ៦៥៤.០០០ នាក់៕