Yearendyearend1140x150

សម្តេច ហ៊ុន សែន៖កម្ពុជានឹងបើកដំណើរការ«សកម្មភាពសង្គម-សេដ្ឋកិច្ច»ឡើងវិញឆាប់ៗនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ កញ្ញានេះ បានថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១។

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១០ កញ្ញានេះ បានថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១។ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេច ហ៊ុន សែន បានថ្លែងពីភាពជោគជ័យរបស់កម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា ហើយសម្តេចបានអះអាងថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំ​សហគមន៍​នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ។

សម្តេច ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់ កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត ។ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ, រាជរដ្ឋាភិបាលដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តបីសំខាន់គឺ ទប់-ស្កាត់, ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ ។

បើតាមសម្តេច ហ៊ុន សែន ក្នុងគោលបំណងពន្លឿនការបើកដំណើរការឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និង ទប់ទល់នឹងការវាយលុកដោយមេរោគកូវីដ-១៩ ប្រភេទថ្មីៗ, រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២១ បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្រ្តីផ្តល់សេវា សាធារណៈជួរមុខ ។

ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ, កម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោម បណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ។ គិតត្រឹមដំណាច់ខែ សីហា ឆ្នាំ ២០២១ នេះ ធៀបនឹងផែនការ, ការចាក់វ៉ាក់សាំងចំនួន ២ដូស ជូនប្រជាជន ដែលមានអាយុ ១៨ ឆ្នាំឡើងសម្រេច បានចំនួន ៨៦% និងដូសទី ១ សម្រាប់កុមារ និងយុវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបាន ៨១% ។ 

កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ ។ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះ, ជាមួយនឹងស្មារតីបុរេសកម្ម, រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួលបរិយាកាសធុរកិច្ច, វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង