Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកជំទាវជា សិរី៖ការ«ដាក់ដេញថ្លៃប្រាក់ដុល្លារ»ដើម្បីជួយពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ កញ្ញានេះ បានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ថា ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន២០.០០០.០០០ ដុល្លារអាមេរិក(ម្ភៃលានដុល្លារអាមេរិក) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។វិធានការនេះ គឺដើម្បីជួយពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា ក្នុងបរិបទកូវីដ-១៩។

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមសន៍ នៅថ្ងៃទី០៤ ខែកញ្ញានេះថា ការដាក់ដេញថ្លៃប្រាក់ដុល្លារនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ចាប់ពីម៉ោង ៩:០០-១២:០០ថ្ងៃត្រង់។ហើយការដាក់ដេញថ្លៃនេះមានគោលបំណងពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីចៀសវាងការប្រែប្រួលខ្លាំងនៃអត្រាប្តូរប្រាក់នៅប្រទេសកម្ពុជា។

បើតាមលោកជំទាវ ជា សិរី បានសង្កេតឃើញថា ក្នុងបរិបទនៃសេដ្ឋកិច្ចកម្ពុជា ដែលមានទំនាក់ទំនងវិស័យសេដ្ឋកិច្ចខ្លាំងជាមួយពិភពលោក ការចាប់ផ្តើមរីករាលដាលនៃជម្ងឺកូវីដ១៩ក្នុងឆ្នាំ២០២០ បានជះឥទ្ធិពលអវិជ្ជមាន ដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាអត្រាប្តូរប្រាក់ ដែលកន្លងមកធនាគារជាតិនៃកម្ពុជាបានតាមដាន និងអនុវត្តឧបករណ៍នយោបាយរូបិយវត្ថុជាប្រចាំ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងគាំទ្រដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។

លោកជំទាវ ជា សិរី ថ្លែងថា “បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ ក្នុងបរិការនៃសេដ្ឋកិច្ចសាកលបច្ចុប្បន្ន ការធ្លាក់ថ្លៃនៃរូបិយវត្ថុ ឬសម្ពាធអត្រាប្តូរប្រាក់បានកើតឡើងស្ទើរជុំវិញពិភពលោក ពិសេសប្រទេសក្នុងតំបន់ ដោយសារការរីករាលដាល និងរលកថ្មីៗនៃជំងឺកូវីដ១៩។”

លោកជំទាវ ជា សិរី បានក្តីរំពឹងថា ការសម្រេចដាក់ដេញថ្លៃប្រាក់ដុល្លារនៅពេលនេះ នឹងចូលរួមចំណែកជួយដល់ការពង្រឹងស្ថេរអត្រាប្តូរប្រាក់ ដើម្បីចៀសវាងការប្រែប្រែលដោយគំហុក ដែលអាចនាំអោយមានឥទ្ធិពលដោយប្រយោលដល់អតិផរណាបច្ចុប្បន្ន និងអំណាចទិញរបស់ប្រជាជន។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានកំពុងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងទៀត ដើម្បីចូលរួមការបន្ថយសម្ពាធនេះជាអតិបរមា។

គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ថា ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន២០.០០០.០០០ ដុល្លារអាមេរិក(ម្ភៃលានដុល្លារអាមេរិក) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។ ចំពោះអត្រាដេញថ្លៃអប្បបរមានឹងត្រូវប្រកាសនាពេលព្រឹកថ្ងៃដេញថ្លៃជាក់ស្តែង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង