Yearendyearend1140x150

កម្ពុជា៖នាវា MT Strovolos ចេញពីកម្ពុជាដោយខុសច្បាប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


នាវា​ដឹក​ប្រេង​ឈ្មោះ MT Strovolos

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានច្រានចោលការលើកឡើងរបស់ក្រុមហ៊ុន World Tankers Management Pte Ltd នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលថា នាវា M Strovolos គ្មាន ជម្រើសផ្សេងក្រៅពីចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរនាវិក និង ចាក់ប្រេង។ សកម្មភាពនេះ គឺជាការចាក់ចេញដោយខុសច្បាប់ ខណៈភាគីកម្ពុជា មិនដែលបានទទួលដំណឹងពីម្ចាស់នាវាអ្នកគ្រប់គ្រងនាវា ឬភាគីណាមួយស្នើសុំឲ្យរៀបចំ ឬអនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេងនាវានេះឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល បានអះអាងថា បញ្ហានៃការប្តូរនាវិក ឬ ការចាក់ប្រេងនេះ មិនអាចយកមកធ្វើជាលេស ដើម្បីឲ្យនាវា MT Strovolos ចាកចេញ និង យកប្រេងឆៅកម្ពុជាទៅជាមួយ ដោយមិនអនុលោមតាមច្បាប់ កម្ពុជាឡើយ។

ក្នុងខ្លឹមសារព័ត៌មានបានឱ្យដឹងទៀតថា ក្រោយពេលដែលនាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ នាវានេះ មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬ ដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងនាវិកនៅលើនាវានេះ បានដឹងយ៉ាងច្បាស់ថាប្រេងឆៅ នៅលើនាវារបស់ខ្លួន គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ទំនិញជាប្រេងឆៅ នៅលើនាវា MT Strovolos គឺជាប្រេងឆៅរបស់ កម្ពុជា ។ហើយ វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬ អ្នកគ្រប់គ្រងនាវា និង អ្នកជួលនាវាហើយវិវាទនេះមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។

គួររំលឹកថា នាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និង ដោយសម្ងាត់ហើយនាវានេះបានបន្តធ្វើដំណើររហូតដល់ដែនទឹកនៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែង ដែលនាវានោះត្រូវបានឃាត់ទុក និងសកម្មភាពទាំងឡាយរបស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី ហើយបច្ចុប្បន្ន អ្នកពាក់ព័ន្ធកំពុងតែត្រូវបានស៊ើបអង្កេតដោយតុលាការមានសមត្ថកិច្ច។

ទាក់ទងនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំជំនួយពី រដ្ឋាភិបាលឥណ្ឌូណេស៊ី ដើម្បីនាំខ្លួនជនល្មើស និងបក្សពួករបស់គេ មកផ្តន្ទាទោស និងដើម្បីយកប្រេងឆៅកម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិផងដែរ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន World Tankers Management Pte Ltd គឺជាអ្នកគ្រប់គ្រងនាវា MT Strovolos ដែលត្រូវបានជួលដោយក្រុមហ៊ុនមួយ នៃគ្រីសអេនើជីគ្រប (KrisEnergy Group) ដើម្បីធ្វើជា នាវាស្តុកទុក និង ផ្ទេរ (Floating Storage and Offloading) ប្រេងឆៅពីតំបន់អប្សរាប្លុក A ក្នុងដែន សមុទ្រកម្ពុជា (តំបន់ប្លុក A កម្ពុជា)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង