
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានដាក់សំណើរទៅការប្រទេសឥណ្ឌូណេស៊ី ដើម្បីបញ្ជូននាវា ដែលលួចដឹកប្រេងឆៅពីអណ្តូងប្រេងរបស់កម្ពុជាប្រមាណ ៣០ម៉ឺនបារ៉ែល និងក្រុមនាវិកចំនួន១៩នាក់ ត្រឡប់មកកម្ពុជាវិញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។តែមកដល់ពេលនេះ ភាគីរប្រទេសឥណ្ឌូណេស៊ីមិនទាន់ឆ្លើយតបនឹងការស្នើសុំរបស់ភាគីកម្ពុជាឡើយ។
ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាតកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ តាមតេឡេក្រាមនៅថ្ងៃទី២ កញ្ញានេះថា រដ្ឋាភិបាលកម្ពុជាបានដាក់សុំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីបញ្ជូននាវាដែលលួចដឹកប្រេងឆៅពីអណ្តូងប្រេងរបស់កម្ពុជាប្រមាណ ៣០ម៉ឺនបារ៉ែល និងក្រុមនាវិកចំនួន១៩នាក់ ត្រឡប់មកកម្ពុជាវិញ។
បើតាមឯកឧត្តម ជៀប សួរ គិតត្រឹមថ្ងៃទី ២ កញ្ញានេះ ការស្នើសុំរបស់ភាគីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី គឺមិនទាន់មានចម្លើយនៅឡើយទេ។មិនទាន់ដោយសារតែខាងភាគីឥណ្ឌូណេស៊ីកំពុងអនុវត្តនីតិវិធីច្បាប់។
គួរបញ្ជាក់ថា យោធាជើងទឹកឥណ្ឌូណេស៊ី បានឃាត់នាវាដឹកប្រេងឈ្មោះ MT Strovolos នៅតំបន់ដែនសមុទ្រកោះស៊ូម៉ាត្រា កាលពីថ្ងៃទី២៧ ខែកក្កដា ប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជាបានស្នើឲ្យប៉ូលិសអន្តរជាតិឃាត់នាវាដឹកប្រេងមួយនេះ។ នៅក្នុងនាវាដែលមានប្រវែងជិត២០០ម៉ែត្រនេះ គឺមាននាវិកជាជនជាតិឥណ្ឌា១៣នាក់ ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់ដែលបានចូលចតដោយខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួនជិតប្រទេសសិង្ហបុរី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានថ្លែងថា កម្ពុជា-ឥណ្ឌូនេស៊ី ពុំទាន់មានបត្យាប័នជាមួយគ្នានៅឡើយទេ ដូច្នេះភាគីទាំងពីរ ប្រើប្រាស់សន្ធិសញ្ញាអន្តរជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការជួយគ្នាទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ ជាយន្តការច្បាប់ក្នុងការទំនាក់ទំនងរវាងប្រទេសទាំងពីរ៕