
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១ កញ្ញានេះ បានសម្រេចដាក់ដំណើរជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២។សភាពាណិជ្ជកម្មកម្ពុជាបានសាទរ និងគាំទ្រយ៉ាងពេញទំហឹង ព្រោះវាបានជួយសម្រួលដល់ការចុះបញ្ជីឱ្យកាន់តែមានប្រសិទ្ធភាព ចំណេញពេលវេលា ថវិការ និងកាត់បន្ថយការជួបជុំស្របពេលកម្ពុជាកំពុងរាតត្បាតដោយមេរោគកូវីដ១៩។
លោក ឧកញ៉ា លឹម ហេង អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា សម្ដែងភាពរីករាយ និងគាំទ្រ១០០% សម្រាប់ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២។គាំទ្រដោយសារសភាពពាណិជ្ជកម្មរបស់លោក តែងតែស្នើរសុំទៅស្ថាបនរបស់រដ្ឋទាំងអស់ ឱ្យបង្កើតច្រកចេញចូលតែមួយ ព្រោះកន្លងមកមានការពិបាកណាស់ទម្រាំឆ្លងកាត់ដំណើរការនីមួយៗ។
បើតាមលោក ឧកញ៉ា លឹម ហេង ការចុះបញ្ជីអាជីវកម្មតាមអនឡាញ ជាការដោះស្រាយដ៏មានប្រសិទ្ធភាពដែលវិស័យឯកជនចង់បាន ព្រោះចំនេញទាំងពេលវេលា ថវិការ កាត់បន្ថយការជួបមន្រ្តី និងការរត់ឯកសារនានា ហើយសូម្បីតែម្ចាស់អាជីវកម្មក្រៅស្រុកក៏អាចចុះបញ្ជីអាជីវកម្មបានដែរ។
គួរបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នឹងបង្ករភាពងាយស្រួលដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។
នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ទទួលបានការគាំទ្រច្រើន ដោយគិតត្រឹមថ្ងៃទី ២៤ សីហា ឆ្នាំ២០២១ ក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មមានចំនួន ៧៧១៥ និងមានដើមទុនជិត ៣ពាន់លានដុលារអាមេរិក។
វិស័យចំនួន៥ប្រភេទដែលមានដើមទុនច្រើនជាងគេមានជាអាទិ៍ វិស័យសំណង២៥,៣២% វិស័យអាហរណ និហរណ ទិញលក់ ជួសជុលយានយន្ត ១៦,៤៤% វិស័យអចលនវត្ថុ១៥,៥៣% វិស័យកម្មន្តសាល ១៤,៣% និងទី៥ សកម្មភាពហិរញ្ជវត្ថុ ធានារាប់រង ៨,២២%។
តែយ៉ាងណាក៏ដោយ លោក ឧកញ៉ា លឹម ហេង រំពឹងថាទៅថ្ងៃមុខរដ្ឋាភិបាលនឹងបន្តអនុវត្តគោលការណ៍នេះនៅថ្នាក់ក្រោមជាតិ នៅតាមបណ្ដាខេត្ត និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីមានថ្នាលចុះបញ្ជីដូចគ្នាងាយស្រួល ទំនើបរសហ័សទាន់ចិត្ត ស្របតាមបច្ចេកវិទ្យាថ្មី៕