
ភ្នំពេញ៖ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោន។
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ២៣២ ៤៤៥ ៧៦៧ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៩១ ៩២៩ ៩៥០ដុល្លារអាមេរិក, ការនាំចេញស្រូវមានចំនួន ៣៩៣ ២១៩ ៧៥០ដុល្លារអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៥៤៧ ២៩៦ ០៦៧ដុល្លារអាមេរិក។
សូមជម្រាបថា ការនាំចេញកសិផលសរុបក្នុងរយៈពេល៨ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧% ដោយសារ កង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕