ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣១ សីហានេះ បានចេញនូវសេចក្តីជូនដំណឹង ស្តីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាប។ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងអប់រំ បានបើកផ្លូវឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ពិនិត្យពីលទ្ធភាពការអនុវត្តការបង្រៀនឡើងវិញ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានពន្យល់ថា ក្នុងអំឡុងពេលនៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សា ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ គ្រឹះស្ថានសិក្សាបានដំណើរការការបង្រៀន និងរៀនពីចម្ងាយតាមគ្រប់រូបភាព ក្នុងនោះក៏មានការបង្រៀននិង រៀនតាមបណ្តំ ដែលជាការមករៀនជុំគ្នាក្នុងទ្រង់ទ្រាយតូច រវាងគ្រូបង្រៀន និងសិស្ស នៅទីកន្លែងដែលមាន សុវត្ថិភាព។
បើតាមក្រសួងអប់រំ ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្ស និស្សិត ចាប់ពីខែកញ្ញា រហូតដល់ការបិទ បញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នៅខែវិច្ឆិកា ឆ្នាំ២០២១ និងដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិក្នុងខែវិច្ឆិកា និងមធ្យមសិក្សាទុតិយភូមិក្នុងខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀននិងរៀនតាមបណ្តំ។
តែយ៉ាងណា ក្រសួងអប់រំ បានណែនាំដល់មន្ទីរអប់រំទាំងអស់ ពិនិត្យលើស្ថានភាព ធនធាន និងការច្នៃប្រឌិតរបស់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ នៅភូមិសាស្ត្រ ដែលធានាថាមិនមានការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅតាមក្រុង-ស្រុក-ខណ្ឌដែលចាត់ទុកថាមានសុវត្ថិភាព នៅតាមខេត្តមួយចំនួន ឬយ៉ាងហោច ណាស់ការរៀនជាបណ្ដុំចំនួនតិចជាង១៥ នាក់នៅតាមថ្នាក់រៀន នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលគ្មានការឆ្លងជំងឺ កូវីដ-១៩។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់មតិខ្លះៗជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំពាក់ព័ន្ធបញ្ហាការបើកសាលារៀនឡើងវិញ។សម្រាប់សម្តេច នៅក្នុងទូទាំងប្រទេសកម្ពុជា ជំងឺកូវីដបានឆ្លងដោយដាច់ដោយដុំ ហើយប្រមូលផ្តុំនៅតាមទីប្រជុំជន ឯទីជនបទហាក់ដូចជាបានកើតឡើងតិចតួចណាស់ ខេត្តខ្លះស្ទើរតែពុំមានទៀតផង។ដូច្នេះសម្តេចស្នើឱ្យរដ្ឋមន្ត្រីពិនិត្យបើកសាលារៀនឡើងវិញ។
ចំពោះទីប្រជុំជនដែលមានអត្រាឆ្លងទាប អាចរៀនទៅតាមស្ថានភាពគួបផ្សំរវាងការរៀនដោយផ្ទាល់ដោយរក្សានូវគម្លាតសុវត្ថិភាព ហើយតំបន់ដែលមានការឆ្លងច្រើនត្រូវបន្តនូវការរៀនអនឡាញដដែល។ នេះបើតាមសម្តេច ហ៊ុន សែន បានថ្លែងក្នុងសារពិសេសនាព្រឹកថ្ងៃទី៣១សីហានេះ៕