Cc time web banner 054637

រដ្ឋាភិបាលលើកទឹកចិត្តឱ្យអ្នកមានលទ្ធភាពគ្រប់គ្រាន់ចាក់វ៉ាក់សាំង«ដូសជំរុញ»នៅពេទ្យឯកជន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការចាក់វ៉ាក់សាំងដូសទី១ដល់កុមារអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ។
រូបភាព៖ Mr  Go 

ភ្នំពេញ៖ រាជរដ្ឋាភិបាលលើកទឹកចិត្ត និង អំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើតាមខ្លឹមសារនៅក្នុងសេចក្ដីប្រកាសស្ដីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ។

ក្នុងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ពន្យល់ថា ការចាក់ដូសជំរុញនេះ ក្នុងគោលបំណងបង្កើតឱ្យបានឆាប់រហ័សនូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពី មេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា (Delta) ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជា ដើម្បីត្រៀម លក្ខណៈឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងថ្មី។

បើតាមរដ្ឋាភិបាល សម្រាប់បណ្តារោងចក្រ-សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ រដ្ឋាភិបាលបានលើកទឹកចិត្តឱ្យចូលរួមចំណែក ចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដល់បុគ្គលិក និង កម្មករ-និយោជិតរបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

សូមជម្រាបជូនថា គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ «ដូសជំរុញ» រដ្ឋាភិបាលបានចាត់ទុក ជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់ និងជាខ្សែក្រវាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាន នូវភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។

គិតរហូតមក ដល់ពេលបច្ចុប្បន្ន យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវដ-១៩ បានប្រមាណ ៨៨% ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកុមារ និងយុវជនអាយុចាប់ពី ១២ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ ចំនួនប្រមាណ ៥៦% ធៀបនឹងគោលដៅចំនួនប្រមាណជិត ២ លាននាក់ បានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩។ ហើយយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នេះ ត្រូវ បានរំពឹងថានឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ មុនផែនការដែលបាន គ្រោងទុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង