
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៥ សីហានេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការចាក់វ៉ាក់សាំងកូវីដ-១៩«ដូសជំរុញ»។ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩«ដូសជំរុញ»អាចចាក់វ៉ាក់សាំងប្រភេទដូចគ្នាបាន មិនប៉ះពាល់ដល់សុខភាពនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំង ប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗ ជាធម្មតានោះទេ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេ ទ ដែលតា (Delta) និង ប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
ក្រសួងពន្យល់ថា ចំពោះអ្នកចាក់វ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន ២ ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទដូចគ្នាដូចជា Sinopharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Pfizer ឬ Moderna) ជាដូសជំរុញក៏បាន។
ចំណែកអ្នកចាក់វ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងដូចគ្នា ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។
តែយ៉ាងណាក៏ដោយ ចំពោះការចាក់វ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ ក្រសួងសុខាភិបាលនឹងសិក្សាបន្ថែម ហើយក្រសួងនឹងជូនដំណឹងដល់សាធារណជនអំពីលទ្ធផលនៃការសិក្សានេះនៅពេលក្រោយ។

