ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី ២៥ សីហានេះ បានចុះរុករកជនរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងកួចបាត់ពេលមេឃធ្លាក់ភ្លៀងខ្លាំងកាលពីម្សិលមិញ ហើយបានរកឃើញសាកសពបុរសជាជងរងគ្រោះហើយ។
យោងតាមព័ត៌មានបឋម បានឱ្យដឹងថា ជនរងគ្រោះភេទប្រុស គឺជាជនជាតិចិននិងបានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី ២៤ សីហា ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងខ្លាំងក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សាកសពបុរសជាជងរងគ្រោះ ត្រូវបានរកឃើញនៅចន្លោះស្ពានអង្គការម្លប់តាប៉ាង ទៅស្ពាន ភូមិអាចន៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
បើតាមប្រភពពីប្រជាពលរដ្ឋ ជនរងគ្រោះត្រូវបានជំនន់ទឹកភ្លៀងកួចបាត់ ខណៈមេឃធ្លាក់ភ្លៀងខ្លាំងកាលពីម្សិលមិញ នៅចំណុចអូរ៥ ស្ថិតក្នុងភូមិអាចន៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិតឆ្នេរអូរឈើទាល។បច្ចុប្បន្ននេះ កម្លាំងសម្ថកិច្ចកំពុងធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះបន្ថែម៕ រូបភាព៖ ឡេង ប៊ុននី Leng Bunny