
ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន២៦រូបមកពីក្រសួង ស្ថាប័នចំនួន១៥ បានជាប់ជ័យលាភីអាហារូបករណ៍របស់ជប៉ុនJDS ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៨ ខែ សីហានេះ។
តំណាងនិស្សិតអាហារូបករណ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃនិងមមាញឹក អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតទាំង ២៦ រូប និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីការបង្កើតវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ដែលមានក្នុងប្រវត្តិសាស្រ្តជាលើកទី១ និងទទួលបានការគាំទ្រនិងការយកចិត្តទុកដាក់ខ្លាំងពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពមន្រ្តីការទូតប្រកបដោយវិជ្ជាជីវៈ ឱ្យចូលប្រលូកជាមួយបរទេសនៅលើឆាកអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមានការយោគយល់ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០២១ មាននិស្សិតកម្ពុជាចំនួន ៤៩៦ រូប បានទទួលអាហារូបករណ៍ជប៉ុន JDS ថ្នាក់ក្រោយឧត្តមសិក្សា ក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន២៤រូបផងដែរ។ ជាចុងក្រោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជូនពរដល់និស្សិតឱ្យទទួលបានជោគជ័យក្នុងការសិក្សា ជាពិសេសរក្សាភាពថ្លៃថ្នូរ ថែរក្សាសុខភាព និងនាំកិត្តិយសជូនជាតិ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់និស្សិតក្នុងម្នាក់ទទួលបាន ១០០ ដុល្លារអាមេរិក៕

