
UN៖ សម័យប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការគាំទ្រផ្នែកមនុស្សធម៌សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន ហើយសហគមន៍អន្តរជាតិគួរតែផ្តល់ជំនួយមនុស្សធម៌ ក្នុងអំឡុងពេលមានស្ថានភាពអាក្រក់បែបនេះ។
ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានចាកចេញពីប្រទេសនៅយប់ថ្ងៃអាទិត្យ ខណៈដែលកងកម្លាំងតាលីបង់ បានចូលរដ្ឋធានីកាប៊ុល និងបានកាន់កាប់វិមានប្រធានាធិបតី។ ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃអាទិត្យថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយពួកគេនឹងប្រកាសពីការបង្កើតអ៊ីស្លាមEmirateនៃអាហ្វហ្កានីស្ថាននាពេលឆាប់ៗនេះ។
នៅសម័យប្រជុំបន្ទាន់ស្តីពី បញ្ហាអាហ្វហ្គានីស្ថានអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការខិតខំរួមគ្នាពីសហគមន៍អន្តរជាតិក្នុងការផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ ដល់ប្រជាជនអាហ្វហ្គានីស្ថាន និងធានានូវសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ។
លោក Guterres បាននិយាយថា វត្តមានរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាននឹងសម្របខ្លួនទៅនឹងស្ថានភាពសន្តិសុខ ប៉ុន្តែវានឹងបន្តផ្តល់ការគាំទ្រដល់ប្រជាជនអាហ្វហ្គានីស្ថាននៅក្នុងពេលវេលាដែលពួកគេត្រូវការផងដែរ។
តំណាងប្រទេសចិនបាននិយាយថាបណ្តាប្រទេសពាក់ព័ន្ធគួរតែផ្តល់នូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រសន្តិភាពការផ្សះផ្សា និងការកសាងឡើងវិញនៅអាហ្វហ្គានីស្ថាននិងដើរតួនាទីស្ថាបនាលើបញ្ហាអាហ្វហ្គានីស្ថាន។
នៅក្នុងកិច្ចប្រជុំនោះដែរលោក Ghulam M. Isaczai តំណាងអចិន្ត្រៃយ៍នៃប្រទេសអាហ្វហ្គានីស្ថានប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់ក្រុមតាលីបង់ថា បានរំលោភលើខ្លឹមសារនៃកិច្ចចរចាសន្តិភាពរបស់ខ្លួនជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅកាតា។
លោក Isaczai បានអំពាវនាវឱ្យអង្គការសហប្រជាជាតិបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថានជាពិសេសអ្នកដែលផ្លាស់ទីលំនៅនៅអាហ្វហ្គានីស្ថាន ដើម្បីដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស៕