.png?1629110260)
ភ្នំពេញ៖ អ្នកជំនាញបានអំពាវនាវសារជាថ្មីឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដែលជាវិធានការសុខាភិបាលឬវិធានការរដ្ឋបាល ដើម្បីឱ្យប្រទេសកម្ពុជាទាំងមូលជៀសផុតពីការចម្លងកូវីដ និងការប្រឈមនឹងវិធានការច្បាប់។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងឱកាសនៃការចាប់ផ្តើមធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ« រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋទាំងអស់អនុវត្តនូវវិធានការនេះ កម្ពុជានឹងអាចជៀសផុតអំពីការប្រឈមទៅនឹងវិធានការច្បាប់ ហើយការដាក់ចេញនូវវិធានការច្បាប់ គឺជាវិធានមួយដើម្បីជួយជម្រុញ ក្រើនរំលឹក ដាស់តឿនឱ្យបុគ្គលមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការរដ្ឋបាលនានា។
លោកជំទាវបន្តថា ជាទូទៅ ការអនុវត្តវិធានទាំងនេះ ហាក់បីដូចជានៅមិនទាន់មានការអនុវត្តបានគ្រប់ទីកន្លែងនីឡើយទេ ដូចនេះដើម្បីជម្រុញឱ្យការអនុវត្តនេះមានប្រសិទ្ធិភាពកាន់តែខ្ពស់ថែមទៀតនោះ វិធានការច្បាប់ត្រូវតែអនុវត្តទៅជាមួយគ្នា ដោយពុំអាចបោះបង់វិធានការមួយណាចោលបានឡើយ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កម្ពុជាគឺមានតែការអនុវត្តនូវវិធានការសុខាភិបាលតែប៉ុណ្ណោះ ដោយសារតែការភ្ញាក់រលឹក និងការចូលរួមបានច្រើនបូកផ្សំនឹងស្ថានភាពនៃការគ្រប់គ្រងមានស្ថានភាពល្អប្រសើរ ដូចនេះកម្ពុជាមិនមានការដាក់ឱ្យអនុវត្តវិធានការច្បាប់បន្ថែមនៅពេលនោះទេ។
លោកជំទាវបន្ថែមថា ប៉ុន្តែនៅពេលនេះ ទោះបីជារាជរដ្ឋាភិបាលខំអំពាវនាវការអនុវត្តវិធានការសុខាភិបាល ឬវិធានការរដ្ឋបាលនានាយ៉ាងណាក៏ដោយ ក៏ការអនុវត្តរបស់ប្រជាពលរដ្ឋមួយចំនួននៅតែមានភាពខ្វះចន្លោះ។ ប៉ុន្តែ ប្រសិនបើប្រជាពលរដ្ឋទាំងអស់គ្នាមិនរួមដៃគ្នានៅក្នុងការទប់ស្កាត់នេះបានទេនោះ កម្ពុជានឹងរងគ្រោះ ក៏ដូចជាជួបផលលំបាកក្នុងរយៈពេលដ៏យូរអង្វែង ដូចនេះវិធានការច្បាប់ចាំបាច់ត្រូវតែដាក់ចេញ។
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត លី អេឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ក៏បានឱ្យដឹងដែរថា ការដាក់ឱ្យអនុវត្តនូវយុទ្ធនាការជាតិក្រោមប្រធានបទនេះ គឺពិតជាចំពេលវេលាខ្លាំងណាស់ ជាពិសេសគឺនៅក្នុងបរិបទនេះ ដែលប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគបំប្លែងថ្មីដែលតានេះ ហើយការអនុវត្តថ្ងៃនេះនឹងកំណត់នូវកត្តាជ័យជំនះនៅថ្ងៃស្អែក។
គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា គិតមកត្រឹមថ្ងៃទី១៥ ខែសីហានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨៦,០៤១នាក់ អ្នកជាសះស្បើយចំនួន ៨១២០២នាក់ និងអ្នកស្លាប់ចំនួន ១,៧០៤នាក់៕