Cctimesw1140xh150cm copy

ទិវាពលកម្មអន្តរជាតិ១ ឧសភា រដ្ឋាភិបាលតម្រូវឱ្យពលរដ្ឋសម្រាកនៅក្នុងផ្ទះ កុំដើរក្រៅ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញជាសារាចរណែនាំស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងសារាចរនោះតម្រូវឱ្យពលរដ្ឋឈប់សម្រាកតាមផ្ទះ កុំដើរក្រៅ។ រាជរដ្ឋាភិបាលធ្វើបែបនេះ ដើម្បីទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងការចម្លងពីវីរុសកូវីដ១៩ដែលកំពុងតែកើតមានឡើងនៅបណ្តាប្រទេសជាច្រើន រួមទាំងកម្ពុជាផង។

ក្នុងសេចក្តីណែនាំ រាជរដ្ឋភិបាលបានធ្វើការណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការវិជ្ជាជីវៈ និយោជក ម្ចាស់និងនាយកសហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ព្រមទាំងកម្មករនិយោជិតទាំងអស់ត្រូវរៀបចំរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា តាមរូបភាពការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារ ឬនៅតាមកន្លែងដែលបងប្អូនស្នាក់នៅ។

មួយវិញទៀត ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវចូលរួមការផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋជាពិសេសបងប្អូនកម្មករនិយោជិត និងពលរដ្ឋកម្ពុជាដែលវិលត្រឡប់មកស្រុកកំណើត ឱ្យចូលរួមអនុវត្តឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩ ទាំងអស់គ្នា។

ជាមួយគ្នានោះ ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន បណ្តាញសារព័ត៌មានសង្គមនានាឱ្យផ្សព្វផ្សាយសារណែនាំ និងសារលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ខួបលើកទី១៣៤នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២។

ទន្ទឹមគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី៧ ខែមេសានេះ បានសម្រេចផ្អាករៀបចំពិធីរៀបចំបុណ្យចូលឆ្នាំខ្មែរដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១២ មេសាខាងមុននេះ។ ការថ្លែងរបស់សម្តេចហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញនៅថ្ងៃទី៧ មេសា ឆ្នាំ២០២០។

គួរបញ្ជាក់ថាមកដល់បច្ចុប្បន្ន អ្នកឆ្លងកូវីដ១៩នៅកម្ពុជាមានចំនួនសរុប ១១៧ នាក់ ជាសះស្បើយ៦៣ នាក់ កំពុងសម្រាកព្យាបាល៥៤ នាក់ ស្លាប់គ្មាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង