Yearendyearend1140x150

ក្នុង១ថ្ងៃកម្ពុជានាំចេញស្រូវទៅវៀតណាមចន្លោះពី ៨,០០០-១២,០០០តោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជានៅតែបន្តការដឹកជញ្ជូនស្រូវទៅទីផ្សារក្នុងតំបន់ដូចជាប្រទេសវៀតណាម ថៃជាដើម បើទោះបីជាការចេញ-ចូលនៅតាមច្រកព្រំដែនទាំងនេះត្រូវបានបិទ និងខ្លះទៀតមានការរឹតបន្តឹងខ្លះក៏ដោយ។ក្នុង១ថ្ងៃកម្ពុជានាំចេញស្រូវទៅវៀតណាមចន្លោះពី ៨,០០០-១២,០០០តោន។នេះបើតាមការលើកឡើងរបស់លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក លន់ យ៉េង បានលើកឡើងថា ស្រូវកម្ពុជាភាគច្រើនគឺមានការដឹកជញ្ជូនទៅវៀតណាមច្រើនជាងទៅថៃ ហើយចំពោះការដឹកទៅវៀតណាមគឺមិនមានការបិទផ្លូវទេ គឺគ្រាន់តែមានវិធានការរឹតបន្តឹងជាងមុនទាំងសងខាង។ មានន័យថា ការដឹកទំនិញគឺត្រូវបានអនុញ្ញាតឱ្យដឹកចេញ-ចូលតាមធម្មតា ប៉ុន្តែវិធានការណ៍សុវត្ថិភាពគឺមានការរឹតបន្តឹងជាងមុន និងមានច្រកចេញ-ចូលតិចជាងមុន។

បើតាមលោក លន់ យ៉េង កត្តាទាំងនេះធ្វើឱ្យដំណើរការនៃការដឹកជញ្ជូនស្រូវមានការយឺតយ៉ាវជាងមុនបន្តិច ហើយក្នុងមួយថ្ងៃកម្ពុជាអាចដឹកជញ្ជូនស្រូវបានចន្លោះពី ៨,០០០-១២,០០០តោន។ដូចនេះ កម្ពុជាមិនមានការកកស្ទះនៃការដឹកជញ្ជូនស្រូវទៅទីផ្សារក្នុងតំបន់ទេ គឺគ្រាន់តែមិនសូវទទួលបានតម្លៃខ្ពស់ដូចមុន។

លោកបញ្ជាក់ថា ផលប៉ះពាល់គឺមានតែមួយគត់ គឺតម្លៃ ដោយសារតែតម្លៃស្រូវដែលប្រជាកសិករលក់ឆ្នាំមុនបានថ្លៃឆ្នាំនេះ។នៅចុងឆ្នាំ២០២០ដល់ដើមឆ្នាំ២០២១ ស្រូវមួយគីឡូក្រាមមានតម្លៃចន្លោះពី៩៥០-១០៥០រៀល ប៉ុន្តែបច្ចុប្បន្នចុះនៅចន្លោះពី៧០០-៧១០រៀលក្នុងមួយគីឡូ ហើយតម្លៃទាំងនេះជាតម្លៃស្រូវដែលទិញផ្ទាល់នៅវាលស្រែ។ បើសិនជាតម្លៃស្រូវដែលទិញពីរោងម៉ាស៊ីន ជាទូទៅត្រូវបូកបន្ថែមពី៨០-១២០រៀលទៀតក្នុងមួយគីឡូ ហើយបើដល់ព្រំដែនត្រូវបូកបន្ថែមប្រមាណជា១៥០រៀលទៀត។

ឆ្លៀតជាមួយគ្នានេះ លោកក៏បានលើកឡើងពី ការដឹកជញ្ជូនអង្កររបស់កម្ពុជាទៅទីផ្សារអឺរ៉ុបផងដែរ ដែលបច្ចុប្បន្ននៅតែបន្តមានវិបត្តិដឹកជញ្ជូន ដោយសារតែតម្លៃនៃការដឹកជញ្ជូនទៅអឺរ៉ុបឡើងថ្លៃរហូតដល់៦ដង និងខ្វះទូកុងទឺន័រដឹក។ ចំណែកឯការដឹកជញ្ជូនអង្ករទៅទីផ្សារចិនវិញ គឺមានការឡើងថ្លៃដែរ ប៉ុន្តែមិនថ្លៃដូចអឺរ៉ុបទេ។

បច្ចុប្បន្ននេះ ខាងសហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់ថា ការនាំចេញអង្ករទៅទីផ្សារក្រៅត្រូវមានភាពប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំមុន ឬទាបជាងបន្តិច។ ប៉ុន្តែសម្រាប់ស្រូវគឺមិនសូវមានបញ្ហាចោទទេ ព្រោះនៅតាមខេត្តមួយចំនួននៃប្រទេសវៀតណាមពឹងផ្អែកលើស្រូវកម្ពុជាជាធំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង