
រូបភាព៖ សំ សាម៉ន
ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្មគ្រចិត្ត នាព្រឹកនេះបានចុះយកសំណាកអាជីវករលក់ដូរនៅផ្សារសិនជូរីផ្លាហ្សា ក្រោយសង្ស័យថាមានអ្នកពាក់ព័ន្ធនឹងកូវីដបំប្លែងថ្មីដែលតា(Delta)។ នេះបើតាមការបញ្ជាក់របស់អភិបាលរងខណ្ឌពោធិ៍សែនជ័យ។
បើតាមអភិបាលរងខណ្ឌបានឱ្យដឹងថា ក្រុមគ្រូពេទ្យសម្ដេចតេជោ បាននាំគ្នាចុះយកសំណាក អាជីវករលក់ដូរកក្នុងផ្សារចន្លោះ៣០០ ទៅ៤០០ នាក់។
លោកអភិបាលរងខណ្ឌបន្តថា ការចុះយកសំណាកនេះ គឺជាការទប់ស្កាត់ ដោយសារតែសង្ស័យថាមានការពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មីដែលតា។
ទន្ទឹមនឹងនេះ អាជ្ញាធរបានបិទខ្ទប់ផ្សារជាបណ្ដោះអាសន្ន និងរៀបចំយកសំណាក ដោយមានការបាញ់ថ្នាំសម្លាប់មេរោគជុំវិញផ្សារផងដែរ។
សូមជម្រាបជូនថា កាលពីថ្ងៃម្សិលមិញនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្ត បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨នាក់ នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យថាពាក់ព័ន្ធនឹងអ្នកដែលបានឆ្លងកូវីដបំប្លែងថ្មីដែលតា នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នអាជ្ញាធរបានបិទខ្ទប់ជាបណ្ដោះអាសន្ន។