ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នៅយប់ថ្ងៃទី១ សីហា បានចុះយកសំណាកប្រជាពលរដ្ឋនៅ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជាលទ្ធផលក្រុមគ្រូពេទ្យបានតេស្តរកឃើញប្រជាពលរដ្ឋចំនួន៨នាក់ បានឆ្លងជំងឺកូវីដ-១៩។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កាលពីយប់ថ្ងៃទី ១ សីហា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចុះយកសំណាកប្រជាពលរដ្ឋនៅ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាង៣០០នាក់។
បើតាមលោកអភិបាលខណ្ឌទួលគោក ប្រជាពលរដ្ឋទាំងអស់នោះ ជាអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលមានផ្ទុកជំងឺកូវីដបំប្លែងថ្មី Delta។ហើយជាលទ្ធផល ក្រុមគ្រូពេទ្យបានតេស្តរកឃើញប្រជាពលរដ្ឋចំនួន៨នាក់ និងបញ្ជូនទៅព្យាបាល។
បច្ចុប្បន្នរដ្ឋបាលខណ្ឌទួលគោក បានសម្រេចបិទខ្ទប់ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយនៅក្នុងភូមិទាំងមូលមានប្រជាពលរដ្ឋ១៦៥គ្រួសារ។គ្រួសារទាំងអស់នោះ រដ្ឋបាលខណ្ឌទួលគោកបានរៀបចំជាស្បៀងអាហារ ដើម្បីប្រគល់ជូនដល់ពួកគាត់ក្នុងពេលភូមិកំពុងបិទខ្ទប់។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី ២ សីហានេះ បានប្រកាសករណីរកឃើញវិរុសបំប្លែងខ្លួនថ្មីដែលតា “Delta” លើពលករមកពីថៃ និងពលរដ្ឋសរុបចំនួន ១០៩ ។ក្នុងនោះវីរុសបំប្លែងថ្មី ដែលតា ៥ ករណី រកឃើញនៅភ្នំពេញ លើពលករខ្មែរមកពីប្រទេសថៃ អ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែត្រ បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត និងអ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ីម្នាក់៕