ភ្នំពេញ៖សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ស.ន.ក.ច.) បានស្នើសុំឱ្យស្ថានទូតចិនពន្លឿនការអន្តរាគមន៍ក្នុងការត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ។ ការស្នើសុំនេះធ្វើឡើងអំឡុងពេលសមាគមបានពិភាក្សាជាមួយស្ថានទូតចិន អំពីការវិលត្រលប់ទៅបន្តការសិក្សារបស់និស្សិតខ្មែរនៅប្រទេសចិន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ស.ន.ក.ច.) បានប្រាប់ស៊ីស៊ីថាមស៍ថា លោកបានជជែកជាមួយស្ថានទូតចិនពីការលំបាករបស់និស្សិតកម្ពុជាក្នុងការសិក្សាតាមOnline, ប្រាក់អាហារូបករណ៍អំឡុងពេលសិក្សានៅក្នុងស្រុករយៈពេល៣ឆមាសកន្លងមកនេះ និងចត្តាឡីស័ក ក្នុងករណីបើសិនជានិស្សិតអាចត្រលប់ទៅប្រទេសចិនវិញ។
បើតាមលោក អ៊ុំ វុទ្ធទី បច្ចុប្បន្នផលលំបាករបស់និស្សិតកម្ពុជាក្នុងការសិក្សាតាម Onlineដែលកើតមានជារឿយៗ ដោយសារតែការបង្រៀនមានតែភាសាចិនមួយគត់ ដែលធ្វើឱ្យនិស្សិតខ្មែរពិបាកក្នុងការស្វែងយល់។ ទី២ គឺជីវភាពរបស់និស្សិតខ្មែរ ដោយសារតែការសិក្សារយៈពេលជាង៣ឆមាសកន្លងមកនេះ គឺក្រុមនិស្សិតខ្មែរដែលកំពុងសិក្សាតាមអនឡាញនៅកម្ពុជាពុំទទួលបានប្រាក់អាហារូបករណ៍ទេ ព្រោះបើតាមគោលការណ៍ ប្រទេសចិនអាចផ្តល់ប្រាក់អាហារូបករណ៍ដល់និស្សិតខ្មែរដែលកំពុងសិក្សាតែនៅក្នុងប្រទេសខ្លួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា និស្សិតខ្មែរជាង១,៨០០នាក់ដែលមានឈ្មោះសិក្សានៅប្រទេសចិន គឺបានទទួលការចាក់វ៉ាក់សាំងរួចហើយ ហើយសមាគមន៍សង្ឃឹមថា អាចនឹងត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញក្នុងពេលឆាប់ៗនេះ ហើយជាចុងក្រោយខាងសមាគមនឹងខិតខំធ្វើយ៉ាងឱ្យស្ថានទូតចិនជួយពន្លឿនការអន្តរាគមន៍ក្នុងការវិលត្រឡប់របស់និស្សិតខ្មែរបានបន្តទៅសិក្សានៅប្រទេសចិនវិញ៕