ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៦ កក្កដានេះ បានចេញជូនដំណឹងព្រមានពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គអាចនឹងហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃខាងមុខទៀត។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម។
ក្រសួងធនធានទឹក បានអះអាងថា នៅក្នុងរយ:ពេលកន្លងមក ព្យុះទី ៧ ឈ្មោះ សេម៉ាកា (CEMPAKA) និងបណ្តាឥទ្ធិពលនៃល្បះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី៣ទៅ ៤ ថ្ងៃខាងមុខទៀត ដែលអាចបណ្តាល ឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។តែការហក់ឡើងនេះមិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ ។
ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងទន្លេមេគង្គ និងតំបន់ទំនាបនានារួសរាន់ប្រមួលកសិផលអោយទាន់ពេលវេលា និងបង្កើនការប្រុងប្រយ័ត្ន៕
