
ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៦ កក្កដានេះ បានចេញសេចក្តីជូនដំណឹងជូនគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ អំពីការអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុស កូដ-១៩ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ។ការណែនាំនេះ បន្ទាប់ពីក្រសួងសុខាភិបាលពិនិត្យឃើញថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីក រាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍។
យោងតាមសេចក្តីជម្រាបជូនរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីក រាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យបាត់បង់អាយុជីវិត ប្រជាជន រួមទាំងផលវិបាកសង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ។
បើតាមក្រសួងសុខាភិបាល ការរីករាលដាសនេះ គឺដោយសារការមកដល់នៃវីរុសបំប្លែងថ្មីប្រភេទដែលតា(Defa)ដែលមានសមត្ថភាពឆ្លងរីករាលដាលលឿនជាងមុន និងបង្ករជាជំងឺកូវីដ-១៩ ធ្ងន់ធ្ងរជាងមុន ដែលទាមទារឲ្យមានការ ប្រឹងប្រែងខ្លាំងបំផុតក្នុងដំណាក់កាលនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុង សហគមន៍នូវវីរុសកូវីដ-១៩ ប្រភេទដែលតា(Delta)។
ដើម្បីទប់ស្កាត់ស្ថានភាពនេះបាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូដ-១៩(គ្របក) ទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់បុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍ ព្រមទាំងស្ថាប័ន និងវិស័យ ឯកជន ក្នុងការអនុវត្តន៍វិធានការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធាន ៣ការពារ និង៣កុំ ហើយគ្រប់ខេត្តទាំងអស់ត្រូវបើកយុទ្ធនាការទូទាំងប្រទេសដើម្បី អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ដែលនៅបន្តមានជាប់ជាប្រចាំ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹង វត្តមាននៃវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ គឺជាសកម្មភាពយុទ្ធសាស្ត្រដ៏សំខាន់បំផុត៕