
ភ្នំពេញ៖តម្លៃស្រូវនៅប្រទេសកម្ពុជា នៅរយៈពេលចុងក្រោយនេះត្រូវបានគេរាយការណ៍ថា បានធ្លាក់ថ្លៃនៅសល់ត្រឹមតែ១គីឡូ៦០០រៀលទៅជាង៧០០រៀល។ការធ្លាក់ចុះនៃតម្លៃនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់បម្រាមក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាមរយៈពេលមួយខែ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
ប្រជាកសិករមួយចំនួននៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ចាប់តាំងពីកម្ពុជាបិទព្រំដែនជាមួយប្រទេសវៀតណាមមក តម្លៃស្រូវធ្លាក់ចុះត្រឹមតែ១គីឡូ ៦០០៛ ទៅ៧០០៛។ការធ្លាក់ថ្លៃនេះ ធ្វើឡើងស្របពេលដែលប្រជាកសិករខ្មែរកំពុងប្រមូលផងស្រូវផងដែរ។
តម្លៃស្រូវធ្លាក់ថ្លៃ តែតម្លៃប្រេងសាំង ជី និងថ្នាំគ្រប់ប្រភេទបែរជាឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់មុខរបរធ្វើស្រែរបស់ប្រជាកសិករ ដោយធ្វើស្រែហើយ តែផ្ទុយទៅវិញលក់ចេញមិនចំណេញធ្វើឱ្យខាតបង់ទាំងកម្លាំកាយ និងត្រូវជំពាក់បំណុលធនាគារបន្ថែមទៀតដែលបញ្ហានេះ ធ្វើឱ្យពួកអស់កម្លាំងចិត្តបន្តមុខរបរធ្វើស្រែ។នេះបើយោងតាមសម្តីកសិករម្នាក់នៅក្នុងខេត្តព្រៃវែង។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ឯកឧត្តមទទួលស្គាល់ថា ការបិទព្រំដែនវាបានបង្ករការលំបាកដល់ការដឹកទំនិញឆ្លងដែនជា ពិសេសស្រូវដែលធ្វើឱ្យការប្រមូលទិញស្រូវនៅកម្ពុជាជួបផលលំបាកដោយសារប្រជាជនលក់ស្រូវសើមធ្វើឱ្យស្រូវមិនអាចទុកបានយូរ ហើយក្រុមឈ្មួញត្រូវការចំណាយបន្ថែមលើពលកម្មហាលស្រូវ និងការគ្រប់គ្រងមួយចំនួន។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ហានេះក្រសួងកសិកម្មបានរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានរាយការណ៍ជូន ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចអំពីបញ្ហានេះ ព្រោះក្រសួងពាណិជ្ជកម្មទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច ជាពិសេសរាជរដ្ឋាភិបាល ដើម្បីទទួលបានថវិកាបង្កើតឃ្លាំងឡសំងួតស្រូវ។ចំណែកក្រសួងកសិកម្មមានដៃទទេ មិនអាចអន្តរាគមន៍តម្លៃស្រូវធ្លាក់ថ្លៃបានទេ មានតែក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មប៉ុណ្ណោះដែលអាចជួយបាន។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់បម្រាមក្នុងការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនជាមួយប្រទេស វៀតណាមរយៈពេលមួយខែដែលមានសុពលភាពចាប់ពីថ្ងៃ១៨ ខែកក្កដា តទៅ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។ប៉ុន្តែរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការធ្វើដំណើរសម្រាប់អ្នកជំងឺ អ្នកការទូត មន្រ្តីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរប្រទេសទាំងពីរ រួមទាំង និស្សិត សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា ក៏ដូចជាដំណើរការដឹកជញ្ជូននាំទំនិញចេញចូលឆ្លងព្រំដែន៕