![](https://cdn.cc-times.com/kh.cc-times.com/media/14584/large/%E1%9E%B1%E1%9E%9F%E1%9E%90%E1%9F%A2.jpg?1627118172)
ភ្នំពេញ៖ ក្រសួងសុខាភិបាលបង្រ្កាបឱសថបុរាណ៤០០កំប៉ុងក្រោយចែកចាយដោយគ្មានការអនុញ្ញាត និងសង្ស័យមានលួចបន្ថែមសារធាតុឱសថសម័យ។ ការចុះឆែកឆេនេះធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតពីម្ចាស់ទីតាំងចំនួនពីរកន្លែង។
យោងតាមរបាយការណ៍របស់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីនគរបាលយុត្តិធម៌នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ដឹកនាំដោយលោកឱសថការី ហួត សេងថុង ឋានៈអនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមានការសម្របសម្រួលនិតិវិធីផ្ទាល់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរទីតាំងលក់ឱសថចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីមានការអនុញ្ញាតពីម្ចាស់ទីតាំងទាំងពីរស្ថិតនៅផ្ទះលេខ២I ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងផ្ទះលេខ២៣១៣ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គណៈកម្មការចម្រុះឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងមានការត្រួតពិនិត្យជាក់ស្តែងឃើញមានឱសថបូរាណឈ្មោះ គ្រាប់ម្សៅយិនស៊ិនម៉ាឡេស៊ី ចំនួន ៤០០ កំប៉ុង គ្មានលេខបញ្ជិកា សង្ស័យមានលួចបន្ថែមសារធាតុឱសថសម័យ និងមានការវេចខ្ចប់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល៕
![](https://cdn.cc-times.com/kh.cc-times.com/media/14585/large/%E1%9E%B1%E1%9E%9F%E1%9E%90%E1%9F%A1.jpg?1627118270)