Yearendyearend1140x150

ក្រុមហ៊ុន«Smart»ព្យួរការងារបុគ្គលិកម្នាក់ ក្រោយរកឃើញល្មើសបទបញ្ញត្តិក្រុមហ៊ុន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សាខាក្រុមហ៊ុនស្មាត។ រូបភាព៖ ក្រុមហ៊ុនស្មាត 

ភ្នំពេញ៖ក្រុមហ៊ុនស្មាត Smart បានសម្រេចព្យួរការងារបុគ្គលិកម្នាក់ បន្ទាប់ពីរកឃើញថាបុគ្គលិករូបនេះ ប្រព្រឹត្តខុសនឹងក្រមសីលធម៌ និងបទវិន័យក្រុមហ៊ុន។ការសម្រេចព្យួរនេះ ធ្វើឡើងក្រោយពីក្រសួងប្រៃសណីយ៍បានរកឃើញថាក្រុមហ៊ុនស្មាត (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ដោយលួចផ្ដាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើទៅលក់បន្តដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនស្មាត បានឱ្យដឹងថា តាមការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនខ្លួនបានរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ បុគ្គលរូបនោះត្រូវបានព្យួរពីការងារ និង ទទួលទណ្ឌកម្មវិន័យនានា យោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។

បើតាមក្រសួងហ៊ុននេះ យោងទៅលើគោលការណ៍ និងនីតិវិធីប្រតិបត្តិរបស់ក្រុមហ៊ុនបុគ្គលិកទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ ឬផ្ទេរសិទ្ធិលើកម្មសិទ្ធិលេខទូរស័ព្ទណាមួយដែលកំពុង ដំណើរការទៅឱ្យអតិថិជនថ្មី ដោយគ្មានវត្តមាន និងការយល់ព្រមដោយជាក់លាក់ពីអតិថិជនចាស់ និងអតិថិជនថ្មីឡើយ។

ទាក់ទងនឹងការព្រមានរបស់ក្រសួងប្រៃសណីយ៍ ក្រុមហ៊ុនស្មាត Smart បានពន្យល់ថា ជាឧប្បត្តិហេតុ កើតឡើងកាលពីថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ២០២១ ទាក់ទងនឹងការផ្ទេរសិទ្ធិលើកម្មសិទ្ធិលេខទូរសព្ទរបស់អតិថិជន Smart មួយរូបទៅឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រម ឬការព្រមព្រៀងគ្នាជាមុន។តែភ្លាមៗក្រុមហ៊ុន Smart បានចាត់វិធានការចាំបាច់ ដើម្បីកែតម្រូវចំពោះបញ្ហានេះ ។ក្រោយមកលេខទូរសព្ទដែលជាកម្មវត្ថុនៃពាក្យបណ្តឹងនេះត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅមុនពេលធ្វើការប្រគល់ត្រលប់ ជូនទៅម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ក្រសួងបានរំលឹកដល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រង និងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័តឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង