Yearendyearend1140x150

ខេត្តសៀមរាបបន្ថែមទីតាំងព្យាបាលអ្នកជំងឺកូវីដ ខណៈចំនួនអ្នកឆ្លងកើនឡើងគួរបារម្ភ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គ្រែរាប់សម្រាប់ទទួលអ្នកជំងឺកូវីដ។រូបភាព៖មន្ទីរព័ត៌មានខេត្តសៀមរាប

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកមានជំងឺកូវីដ-១៩ ដែលមានកំរិតស្រាល។ការសម្រេចនេះ បន្ទាប់ពីខេត្តសៀមរាប មានការរីករាលដាលនៃជំងឺកូវីដ-១៩ កើនឡើងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយទីតាំងដែលបាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ។

ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បញ្ជាក់ថា ការសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ជាទីតាំងសម្រាប់ដាក់អ្នកជំងឺដើម្បីព្យាបាលជំងឺកូវីដ-១៩នេះ គឺដើម្បីសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺមួយចំនួនទៀត ក្នុងក្រុងសៀមរាប ខណ:អ្នកវិជ្ជមានកូវីដ-១៩ មានការកើនឡើងជាបន្ដបន្ទាប់គួរឲ្យកត់សម្គាល់។ភោជនីយដ្ឋាន វិមានមង្គលជាកន្លែងទី៥ សម្រាប់ព្យាបាលអ្នកជំងឺមានកំរិតស្រាល ដែលទីតាំងនេះអាជ្ញាធរគ្រោងនឹងដាក់គ្រែក្នុងអាគារជាង៣០០គ្រែ និងខាងក្រៅអាគារប្រហែលជាជិត១,០០០ គ្រែបន្ថែមទៀត។

បើតាមមន្ទីរសុខាភិបាលខេត្តសៀមរាប មានទីតាំងកន្លែងព្យាលបាលអ្នកជំងឺចំនួន៥កន្លែង ទីតាំងទី១- នៅមន្ទីរពេទ្យបង្អែកខេត្ដមានចំនួន៤០គ្រែ សម្រាប់ព្យាលអ្នកជំងឺមានកំរិតធ្ងន់សង្គ្រោះបន្ទាន់, ទី២- នៅសាលាគរុកោសល្យ និងវិក្រិត្ដការខេត្ដ សម្រាប់ព្យាបាលអ្នកជំងឺកំរិតធម្យម ដែលអាចដាក់អ្នកជំងឺពី៨០នាក់ ទៅ១០០នាក់ , ទី៣- នៅវិទ្យាល័យអង្គរ សម្រាប់អ្នកជំងឺមានកំរិតស្រាល, ទី៤- នៅវិទ្យាល័យ ១០មករា១៩៧៩ និងទី៥ គឺភោជនីយដ្ឋាន វិមានមង្គល នេះ។ ជាមួយគ្នានោះកន្លែងព្យាបាលជំងឺកូវីដ-១៩ ទី៥នេះ គឺសម្រាប់តែដាក់តែអ្នកមានវិជ្ជមានកូវីដ-១៩ ដែលបានរកឃើញនៅតាមណ្ឌលចត្ដាឡីស័កនៅក្នុងក្រុងសៀមរាប រួមមាន៖ នៅមណ្ឌលចត្ដាឡីស័ក ,វិទ្យាល័យសម្ដេចឪ ,សាលារៀនវត្ដស្វាយ និងទីតាំងមណ្ឌលចត្ដាឡីស័កក្នុងស្រុកមួយចំនួនជាប់ក្រុងសៀមរាប។

គួរបញ្ជាក់ថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ ខេត្តសៀមរាបមានចំនួនអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យអាជ្ញាធរខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង។ ចំពោះការរៀបចំទីតាំងសម្រាប់ដាក់អ្នកជំងឺទី៥នេះ វាជាការងារបន្ទាន់ដែរអាជ្ញាធរខេត្តត្រូវយកចិត្តទុកដាក់រៀបចំបន្ទាន់ ស្របពេលដែរខេត្តសៀមរាប ក៏កំពុងក្លាយជាខេត្តដែលត្រូវទទួលប្រជាពលរដ្ឋមកពីក្រៅប្រទេសមានចំនួនច្រើន ហើយបន្ទាប់ពីខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាប់ទទួលប្រជាពលរដ្ឋ ដែលទើបត្រឡបមកពីក្រៅប្រទេស ជាពិសេសការបញ្ជូនមកពីខេត្តឧត្តរមានជ័យ ខណ:ខេត្តឧត្តរមានជ័យកំពុងជួនការខ្វះខាតកន្លែងមិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។

គិតត្រឹមល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប រកបានឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣,៣១៧នាក់, បានព្យាបាលជាសះស្បើយចំនួន ១,៤៩៦នាក់, ស្លាប់៣១នាក់ និង១,៧៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក ស្រុកសូទ្រនិគម៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង