
ភ្នំពេញ៖ ចិនបានសម្រេចផ្ដល់ជំនួយ២លាន៥សែនដុល្លារដល់កម្ពុជាបន្ថែមទៀត ដើម្បីទ្រទ្រង់កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌនានា។នេះបើយោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ថ្លែងនៅថ្ងៃទី ២០ កក្កដានេះ។
លោក ហេង រតនា បានថ្លែងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន២លាន៥សែនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបន្តថា ជំនួយនោះ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។ គម្រោងនោះ មានរយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១ពាន់៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។
គួរបញ្ជាក់ថា រយ:ពេល៦ខែ ឆ្នាំ២០២១មកនេះ គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរនោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត១ពាន់៨៣ហិចតា ដោយរុករកឃើញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង៥ពាន់គ្រាប់។










