
ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី១៦ ខែកក្កដានេះ អាជីវករនៅផ្សារច្បារអំពៅបានធ្វើតេស្តរកកូវីដ១៩សរុបចំនួន៧៦៦នាក់ ក្នុងនោះមានអាជីវករចំនួន៣៩នាក់មានវិជ្ជមានកូវីដ១៩។ នេះបើតាមប្រសាសន៍ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ទន្ទឹមនឹងការឆ្លងរីករាលដាលនេះ អភិបាលខណ្ឌតែងតែយកចិត្តទូកដាក់ចំពោះសុខសុវត្ថិភាពរបស់ក្រុមអាជីករ និងអតិថិជន ដោយមានការចាត់វិធានការនានាដូចជា បង្កើនការផ្សព្វផ្សាយពីវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ការវាស់កម្តៅ បាញ់អាល់កុល និងពាក់ម៉ាសជាដើម។
បើតាមលោក ចេង មុនីរ៉ា បើទោះបីជាអាជីវករក្នុងផ្សារឆ្លងជំងឺកូវីដ១៩ក៏ដោយ ក៏អាជ្ញាធរមិនទាន់សម្រេចបិទផ្សារច្បារអំពៅនៅតែបន្តបើកជាធម្មតា សំខាន់គឺត្រូវពង្រឹងលើការអនុវត្តវិធានការការពារនានា ដើម្បីកុំឱ្យមានការឆ្លងរីករាលដាលបន្តទៀត។
តែបើទោះបីអាជ្ញាធរមិនទាន់សម្រេចបិទផ្សារច្បារអំពៅ តែគេសង្កេតឃើញថា មានអាជីវករប្រមាណ៦០%ភាគរយបានបិទតូបលក់ដូរ និង អាជីវករខ្លះបិទតូបទៅយកសំណាករកកូវិដ១៩ រីឯតូបដែលបើកលក់ធម្មយតាមាននៅសល់ប្រមាណជា៤០% ហើយអ្នកលក់ម្ហូបអាហារជុំវិញផ្សារក៏រក្សាការលក់ដូរតាមធម្មតា៕