
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសត្រៀមបើកដំណើរការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យក្រោម ១៨ឆ្នាំ ក្នុងពេលឆាប់ៗនេះ។ការសម្រេចនេះ ដើម្បីគិតគូរដល់កុមារ ជាពិសេសការបិទនូវសាលារៀនដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការបាត់បង់ដ៏ធំធេង និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។
យោងតាមសារជាសំឡេងដែលបានថ្លែងចេញជាសាធារណៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នកុមារ និង យុវវ័យក្រោម១៨ឆ្នាំ មានប្រមាណ១លាន ៩សែននាក់ ហើយរាជរដ្ឋាភិបាលត្រូវការវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត ដើម្បីចាក់ជូនដល់កុមារ។
បើតាមសម្តេច ហ៊ុន សែន បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកវ៉ាក់សាំងបន្ថែម ហើយសម្តេចបានស្នើសុំទៅភាគីពាក់ព័ន្ធត្រូវថែរក្សាវ៉ាក់សាំងដែលមានស្រាប់ ហើយពេលទទួលបានវ៉ាក់សាំងរដ្ឋាភិបាលនឹងចាប់ផ្តើមចាក់ជូនដល់កុមារ និងយុវវ័យនៅភ្នំពេញ និង ខេត្តកណ្តាលមុខគេ។
ជាមួយគ្នានេះសម្តេច ហ៊ុន សែន បានអំពាវនាវដល់មាតាបិតាសូមត្រៀមខ្លួន ដើម្បីនាំកូនៗទៅទទួលចាក់វ៉ាក់សាំង ហើយសាលារាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ត្រូវត្រៀមខ្លួនដំណើរការផែនការនេះ។ចំពោះការចាក់នេះមិនមានការបង្ខិតបង្ខំនោះទេ តែសម្តេចមើលឃើញថា ប្រជាពលរដ្ឋបានជឿទុកចិត្តចំពោះរាជរដ្ឋាភិបាល៕