
ថៃ៖ ជនជាតិថៃ៣នាក់បន្លំធ្វើជាក្រុមគ្រូពេទ្យ និងកែច្នៃរថយន្តទៅជារថយន្តសង្គ្រោះដឹកជញ្ជូនពលករកម្ពុជា១៤នាក់ក្នុងគោលបំណងត្រឡប់មកកម្ពុជា តែត្រូវបានប៉ូលីសថៃចាប់ខ្លួន និងបានឃាត់ឡានចំនួន២គ្រឿង។
យោងតាមប៉ូលីសថៃក្នុងសន្និសីទសារព័ត៍មានកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ករណីដឹកជញ្ជូនពលករខុសច្បាប់នេះ ត្រូវបានប៉ូលីសថៃបង្ក្រាបបានកាលពីថ្ងៃអង្គារ នៅក្នុងខេត្តច័ន្ទបូរី (Chanthaburi )ដែលស្ថិតនៅព្រំដែនថៃ-កម្ពុជា ជាប់នឹងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ដោយបានឃាត់ឡានចំនួន២គ្រឿង។
បើតាមប៉ូលីសថៃបន្តថា ជនជាតិថៃ៣នាក់បានពាក់អាវពេទ្យ (PPE) និង បានកែច្នៃឡានរបស់ខ្លួនឱ្យដូចជាឡានសង្គ្រោះបន្ទាន់និងបានបិទអក្សរ “Ambulance” នៅលើឡានទៀតផង។ ប៉ូលីសនិយាយទៀតថា ពលករខ្មែរចំនួន១៤នាក់ដែលត្រូវឃាត់ខ្លួន(កុមារ ៥នាក់) ក្នុងនោះ១២នាក់មានទិដ្ធកាស្របច្បាប់ និង២នាក់ទៀតគឺគ្មានទេ។
យោងតាមការស៊ើបអង្កេតបឋម ពលករទាំងនេះគឺធ្វើការនៅក្នុងតំបន់ដែលផ្ទុះជំងឺកូវីដ១៩ខ្លាំងនាទីក្រុងបាងកក ដែលជាតំបន់បិទខ្ទប់ ពួកគេបានប្រមូលលុយគ្នាបាន ២៥.០០០ បាតដើម្បីជួលជនជាតិថៃ៣នាក់ខាងលើដឹកជញ្ជូនពួកគេវិលត្រឡប់ទៅស្រុកកំណើតនៅកម្ពុជាវិញ។
ជនជាតិថៃ៣នាក់និងពលករកម្ពុជាចំនួន១៤នាក់នៅពេលឃាត់ខ្លួនហើយត្រូវបានធ្វើតេស្តកូវីដ១៩ ដោយក្នុងនោះពលករចំនួន៣នាក់វិជ្ជមានកូវីដ១៩។ បច្ចុប្បន្ន ពលករកម្ពុជាទាំង១៤នាក់ត្រូវបានប៉ូលីសថៃអោយធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ចំណែកជនជាតិថៃទាំង៣នាក់ត្រូវចាត់ការតាមផ្លូវច្បាប់៕