
ភ្នំពេញ៖ រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២១ ការនាំចេញផ្លែចេកស្រស់កម្ពុជាកើនឡើងកើន ៦៨ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។
លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ផ្លែចេកស្រស់កម្ពុជា បាននាំចេញទៅប្រទេសចំនួន ៤ រួមមាន ប្រទេសចិន ចំនួន ២៣៧,០៩៩ តោន, វៀតណាម ចំនួន ២៥,១១៣ តោន, សិង្ហបុរី ចំនួន ៤៨០ តោន និងប្រទេសជប៉ុន ចំនួន ៤២៦ តោន។
ទាក់ទងនឹងការកើនឡើងវិញ លោកឧកញ៉ា ពន្យល់ថា ដោយសារតែតម្លៃផ្លែចេកនៅក្នុងទីផ្សារសម្រាប់ឆ្នាំ២០២១នេះមានតម្លៃល្អ រីឯផ្ទៃដីនៃការដាំដុះក៏កើនឡើង បូកផ្សំនឹងអំណោយផលពីធម្មជាតិ ដែលមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ជាប្រភពទឹកស្រោចស្រប់ដំណាំចេកឱ្យទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ។
ចំពោះតម្លៃដឹកជញ្ជូនផ្លែចេកវិញ គឺមានតម្លៃធូរថ្លៃជាងការដឹកជញ្ជូនទៅបណ្តាប្រទេសអឺរ៉ុប ព្រោះជាការដឹកជញ្ជូននៅក្នុងតំបន់ដែលមានចម្ងាយជិត និងមធ្យម ពោលគឺតម្លៃនៃការដឹកជញ្ជូនកើនឡើងត្រឹមតែ២ដងនៃតម្លៃដឹកជញ្ជូនទូទៅតែប៉ុណ្ណោះ ដោយកើនឡើងពី២ពាន់ដុល្លារ ទៅ៤ពាន់ដុល្លារ។ ការឡើងថ្លៃដឹកជញ្ជូននេះ គឺដោយសារតែបញ្ហាប្រឈមលើការដឹកជញ្ជូន និងកង្វះសំបកកុងទឺន័រជាដើម។
គួរបញ្ជាក់ថា បើគិតជាមធ្យមនៅក្នុងឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះផ្លែចេកសម្រាប់នាំចេញប្រមាណជា១,៦០០០ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្ននេះផ្ទៃដីនៃការដាំដុះចេកអាចកើនឡើងជិត២ម៉ឺនហិកតា ឬលើសនេះបន្តិច៕
.jpg?1625653455)
.jpg?1625653463)
.jpg?1625653472)
.jpg?1625653480)

