ភ្នំពេញ៖ សមាជិកអាស៊ានកំពុងបើកកិច្ចប្រជុំ The 54th ASEAN National Tourism Organizations (NTOs) Meeting) ដើម្បីពិភាក្សាលើផែនការជំរុញការបើកទេសចរណ៍តំបន់ឡើងវិញប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន និងដឹកនាំដោយ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍។
មន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤ បើកកិច្ចប្រជុំក៏បានពិភាក្សាលើការងារទេសចរណ៍អាស៊ានដែលបានអនុវត្តកន្លងមក និងបន្តពិនិត្យលើការងារមួយចំនួនបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ។
កិច្ចប្រជុំនេះពិភាក្សាលើចំណុចសំខាន់ៗរួមមានជាអាទិ៍៖ ១៖ ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អាស៊ាន ២០២១-២០២៥ សំដៅផ្សព្វផ្សាយពីការរៀបចំខ្លួនរួចរាល់ក្នុងការទទួលទេសចរណ៍អន្តរជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ។ ២៖ ផែនការមេស្តីពីការតភ្ជាប់តំបន់អាស៊ាន ២០២៥ លើការអនុវត្តគម្រោងការធ្វើឲ្យប្រសើរឡើងនូវទំរង់ការទេសចរណ៍ឌីជីថលអាស៊ាន (Enhance ASEAN Tourism Digital Platforms)។ ៣៖ គោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកធ្វើការ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍។ ៤៖ ការសិក្សាលើផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ គោលនយោបាយ និងការអនុវត្តល្អបំផុត អនុសាសន៍សម្រាប់ផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ទេសចរណ៍អាស៊ាន។ ៥៖ ផែនការសកម្មភាពស្តីពីសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ានប្រកបដោយនិរន្តភាព បរិយាបន្ន និងភាពរឹងមាំ។
គួរបញ្ជាក់ថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានលើកទី៥៤នេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ភ្ជាប់ជាមួយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបី និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ជាតិអាស៊ានបូកបីបូកឥណ្ឌា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១៕