វៀតណាម៖ ការជួលដីសម្រាប់វិស័យឧស្សាហកម្មបានកើនឡើងដល់កម្រិតខ្ពស់គឺក្នុងតម្លៃ ១១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅក្នុងតំបន់ចំនួន ៥ នៅភាគខាងត្បូងនៃប្រទេសវៀតណាម បន្ទាប់ពីមានការកើនឡើង ៧,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី ២ ។
យោងតាមសារព័ត៌មាន Vnexpress បានឱ្យដឹងថាតំបន់ចំនួន ៥ នៅភាគខាងត្បូងនៃប្រទេសវៀតណាម គឺប៊ិញឌឿង ដុងណៃ ឡុងអាន ខេត្ត Ba Ria-Vung Tau និងទីក្រុងហូជីមិញដែលជាកន្លែងមានឧទ្យានឧស្សាហកម្មជាច្រើនកំពុងត្រូវប៉ាន់ ហើយតម្លៃដីមានការហក់ឡើងខ្ពស់។
ទាក់ទងនឹងការឡើងថ្លៃនេះ ក្រុមហ៊ុនព្រឹក្សាអចលនទ្រព្យឈ្មោះ JLL បានលើកឡើងថា ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមធ្វើឱ្យវិស័យអចលនទ្រព្យមានសក្ដានុពល និងទាក់ទាញឈ្មួញធំៗផងដែរ។ ជាក់ស្ដែង ចំនួន GDPរបស់ប្រទេសនេះនៅឆមាសទីមួយបានកើនឡើងដល់ ៥,៦៤ ភាគរយឯណោះ។
តាមប្រភពដដែលបន្ថែមថា ការងារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសវៀតណាម ត្រូវបានគេគ្រោងនឹងជំរុញឱ្យមានតម្រូវការដីឧស្សាហកម្មបន្ថែមទៀតនាពេលអនាគត ហើយការជួលនៅតែបន្តកើនឡើងថែមទៀតផង។
ទន្ទឹមនឹងនេះ តម្លៃរោងចក្រដែលបានសាងសង់រួចរាល់បានកើនឡើង ០,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការផ្គត់ផ្គង់ត្រូវបានផ្អាក ដោយសារតែបញ្ហាកូវីដ១៩ ។