វៀតណាម៖ សិស្សថ្នាក់ទី ៥ ម្នាក់នៅក្រុង Nha Trang ខេត្ត Khanh Hoa ត្រូវបានគេប្រទះឃើញស្លាប់ដោយមិនដឹងមូលហេតុ ខណៈសិស្សជាច្រើននាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានរោគសញ្ញាពុលអាហារបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចក្នុងសាលារៀនបថមសិក្សាមួយកន្លែង។
រដ្ឋាភិបាលនៃទីក្រុង Nha Trang បានចេញសេចក្តីថ្លែងការណ៍មួយអំពីឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងការស្លាប់របស់សិស្សថ្នាក់ទី ៥ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួនទៀតដោយសារតែការសង្ស័យថាពុលអាហារ។ រដ្ឋាភិបាលនៃក្រុង Nha Trang បន្តទៀតថា សិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សា Vinh Truong មានអារម្មណ៍នឿយហត់ និងសន្លប់បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច។
ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ សិស្សម្នាក់ក្នុងចំណោមទាំងនោះត្រូវបានពេទ្យជំនាញប្រកាសថាបានស្លាប់ ។សិស្សមួយចំនួនទៀតបានបង្ហាញរោគសញ្ញាឈឺពោះ ក្អួត និងឈឺក្បាលចន្លោះពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧:៣០ព្រឹក ក្នុងថ្ងៃដដែល។ ក្រោយមក សាលាបានផ្តល់ជំនួយសង្គ្រោះបឋម និងបញ្ជូនសិស្សចំនួន ១៩នាក់ ទៅកាន់មន្ទីរពេទ្យ៕