
ភ្នំពេញ៖ នៅក្នុងដំណាក់កាលកូវីដ១៩នេះ ការដឹកជ្ជូនទំនិញគ្រប់ប្រភេទតាមកប៉ាល់ពីកម្ពុជាទៅក្រៅប្រទេស មានការឡើងថ្លៃពី៤ទៅ៥ដង បើធៀបនឹងតម្លៃមុនផ្ទុះឡើងនូវកូវីដ១៩។ នេះបើតាមការលើកឡើងរបស់លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០២១។
លោក ស៊ិន ចន្ធី បានលើកឡើងថា ការដឹកជញ្ជូនរបស់កម្ពុជាត្រូវបានបែងចែកជាពីរផ្នែកដូចជា ការដឹកជញ្ជូននៅក្នុងស្រុក និងការដឹកជញ្ជូនជាលក្ខណៈអន្តរជាតិ។ រីឯមធ្យោបាយដឹកជញ្ជូនដែលមមាញឹកជាងគេនៅកម្ពុជា គឺការដឹកជញ្ជូនតាមផ្លូវទឹកដែលមមាញឹករហូតដល់ទៅជិត៧០ភាគរយ ទាំងកំពង់ផែកំពង់សោម និងកំពង់ផែក្រុងភ្នំពេញ។ រីឯការដឹកជញ្ជូនតាមផ្លូនគោកមានជិត២០ភាគរយ និងការដឹកជញ្ជូនតាមផ្លូវអាកាសមានជាង១០ភាគរយតែប៉ុណ្ណោះ។
បើតាមលោក ស៊ិន ចន្ធី ការដឹកជញ្ជូនតាមផ្លូវទឹកជាលក្ខណៈអន្តរជាតិនៅក្នុងដំណាក់កាលចុងក្រោយនេះពិតជាមានផលប៉ះពាល់ខ្លាំងដោយសារការឡើងថ្លៃនៃតម្លៃដឹកជញ្ជូនតាមកប៉ាល់ ដែលឡើងពី៤ពាន់ដុល្លារ រហូតដល់ជិត១ម៉ឺនដុល្លារឯណោះ។ចំណែកការដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងស្រុកវិញ គឺនៅតែរក្សាតម្លៃបានតាមធម្មតា ហើយពុំមានផលប៉ះពាល់ធអ្វីនោះទេ។
លោក ស៊ិន ចន្ធី បន្តថា ចាត់តាំងពីផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈមក វិស័យដឹកជញ្ជូនកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតម្រូវការមួយចំនួនត្រូវបានធ្លាក់ចុះ ហើយការមប្រើសេវាកម្មនានាក៏ត្រូវបានបង្អាក់ដោយសារតែកូវីដ១៩បានធ្វើឱ្យសេវាកម្មដឹកជញ្ជូនមានការយឺតយ៉ាវជាដើម ប៉ុន្តែមិនបានបង្កឱ្យមានការកកស្ទះទំនិញនៅតាមកំពង់ផែធំៗឡើយ៕