ត្បូងឃ្មុំ៖ បន្ទាប់ពីមានការឆ្លងជំងឺកូវីដជាបន្តបន្ទាប់លើពលរដ្ឋ និងអាជីវករនៅផ្សារអូររាំងឪ រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ បានប្រកាសនូវការសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុង និងបរិវេណផ្សារអូររាំងឪ ស្ថិតនៅភូមិទី៤ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រយៈពេល ០២សប្តាហ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្ដីសម្រេចថ្មីជំនួស។
បើយោងតាមរដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីបានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១០នាក់ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ ដែលជាប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារអូររាំងឪ។
ជាមួយគ្នានេះ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករពាក់ព័ន្ធ មេត្តាសហការជាមួយអាជ្ញាធរ អញ្ជេីញទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19) ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ដោយឡែក រដ្ឋបាលស្រុកបានរៀបចំទីតាំងសុវត្ថិភាព ស្ថិតនៅខាងមុខសាលាបឋមសិក្សាអូររាំងឪ (ទល់មុខសាលាស្រុក) ដើម្បីលក់ដូរទំនិញចាំបាច់មួយចំនួន (បន្លែ ត្រី សាច់) ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ម្ហូបអាហារប្រចាំថ្ងៃ ក្នុងអំឡុងពេលបិទការចេញ-ចូលផ្សារអូររាំងឪ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩។
ជាមួយនោះដែរ សម្រាប់ប្រជាពលរដ្ឋ ឬអាជីវករ ដែលមានបំណងចង់មកលក់ដូរនៅទីនេះ លុះត្រាមិនពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីដ.១៩ មិនមែនជាអាជីវករដែលលក់ដូរក្នុងផ្សារអូររាំងឪ និងត្រូវឆ្លងកាត់ការយកសំណាកពីមន្ត្រីសុខាភិបាល ហើយទទួលបានលទ្ធផល (អវិជ្ជមាន)។ ជាមួយនោះដែរ ទាំងអាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលមកទិញទំនិញនៅទីតាំងសុវត្ថិភាពនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ពិសេសវិធានការ «៣ការពារ ៣កុំ» ដោយត្រូវពាក់ម៉ាស់ មានអាកុល ឬជែល សម្រាប់លាងសម្អាតដៃ វាស់កម្ដៅ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពបុគ្គល។