Cc time web banner 054637

ត្បូងឃ្មុំ៖ពលរដ្ឋប្រមាណ១០ម៉ឺននាក់ជុំគ្នា«ចាប់ត្រី»តាមបែបបុរាណនៅស្រុកមេមត់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ នៅថ្ងៃទី ១៧ កុម្ភៈម្សិលមិញ បានចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។ពិធីនេះ បានរៀបចំឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈ ក្នុងន័យថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ  ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា ៖លេខ១ ទទួលបានថវិកាចំនួន 500 000រៀល លេខ២ ទទួលបានថវិកាចំនួន 400 000រៀល លេខ៣ ទទួលបានថវិកាចំនួន 300 000រៀល។

គួរបញ្ជាក់ថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង