
ភ្នំពេញ៖ ក្រុមហ៊ុនស្មាយល៍ សប សហការជាមួយក្រសួងកសិកម្មដើម្បីវិនិយោគលើការធ្វើពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online ក្នងគោលបំណងចូលរួមដោះស្រាយបញ្ហាការកកស្ទះទីផ្សារកសិផល និងផ្តល់ឱកាសឱ្យកសិករកម្ពុជាអាចបន្តរក្សានិរន្តរភាពទីផ្សារកសិផលបានល្អ ជាពិសេសអាចមានឱកាសលក់ចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
នៅក្នុងជំនួបរវាងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកក្រុមហ៊ុន ស្មាយល៍ សប ឯ.ក និងសហការី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបានសម្តែងការគួរសម និងស្វាគមន៍ គាំទ្រ ចំពោះគោលបំណងរបស់ក្រុម ដោយសារកម្មវត្ថុនៃការធ្វើពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online។
នាយកក្រុមហ៊ុនស្មាយល៍ សប បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺ ឆ្លងកូវីដ-១៩ ធ្វើឲ្យសកម្មភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកាន់តែមានការពិបាក ហេតុនេះហើយកម្មវត្ថុខាងលើនឹងប្រាកដជាចូលរួមចំណែកដោះស្រាយបញ្ហាជូនអតិថិជន និងជាពិសេសចូលរួមបង្កើតឱកាសសម្រាប់កសិករ សហគមន៍កសិកម្ម និងអ្នកផលិត អាចបន្តរក្សានិរន្តរភាពទីផ្សារកសិផលរបស់ខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ កសិផលកម្ពុជាអាចមានឱកាសលក់ចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
រដ្ឋមន្រ្តីក្រសួងកសិកម្មមានប្រសាសន៍ថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ online មានសារសំខាន់ និងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការចូលរួមដោះស្រាយបញ្ហាកកស្ទះទីផ្សារកសិផល តាមរយ:ការលក់ចេញតាម online ការផ្តល់សេវាដឹកជញ្ជូនរហ័សទាន់ចិត្តជូនអតិថិជន ដល់គ្រប់ទីកន្លែង និងគ្រប់ពេល វេលា ហើយបច្ចុប្បន្នក្រសួងមាន CamAgri-Market App, Khmeragri.info និង Chamkar App ដែលជាបណ្តាញផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្ម។
ឯកឧត្តមបន្តថា ដូច្នេះក្រមហ៊ុនអាចសហការជាមួយក្រសួងបាន ដើម្បីពង្រីកការងារផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារកសិកម្ម តម្រូវការបរិមាណផ្គត់ផ្គង់ ដំណាំដែលមានសក្តានុពល និងតម្លៃ។ល។ ជាពិសេសចូលរួមលើកកម្ពស់ការអនុវត្តអភិក្រម "រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន-សហគមន៍កសិកម្ម" ឲ្យបាន់តែមានប្រសិទ្ធភាពក្នុងទិសដៅរួមមួយគឺជួយរក និងពង្រីកទីផ្សារកសិផលនាពេលអនាគត៕

