Cctimesw1140xh150cm copy

លោកគ្រូ អ៊ឹម សារ៉ាវុធ ប្រាប់ពីរបៀបស្រាវជ្រាវមេរៀនដល់និស្សិត

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/


លោក អ៊ីម សារ៉ាវុធ គ្រូបង្រៀនម្នាក់ផ្នែកអប់រំ និងភាសាអង់គ្លេសនៅសាកលវិទ្យាល័យវេស្ទើន និងសាលាអន្តរជាតិវេស្ទើន។

ភ្នំពេញ៖ ដើម្បីឱ្យការសិក្សាទទួលបានជោគជ័យ សិស្សនិស្សិតគ្រប់រូបទាមទារឱ្យមានការស្រាវជ្រាវ ហើយដើម្បីការស្រាវជ្រាវមេរៀនទទួលបានជោគជ័យទាមទារឱ្យមានការចូលរួមសកម្មភាពរបស់សិស្សខ្លួនឯងផ្ទាល់ខ្លាំងជាងគេ គួបផ្សំជាមួយការសម្របសម្រួលពីគ្រូហ្វឹកហាត់មុខវិជ្ជាជំនាញនីមួយៗ។នេះជាការលើកឡើងរបស់លោក អ៊ីម សារ៉ាវុធ គ្រូបង្រៀនម្នាក់ផ្នែកអប់រំ និងភាសាអង់គ្លេសនៅសាកលវិទ្យាល័យវេស្ទើន និងសាលាអន្តរជាតិវេស្ទើន។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ លោក អ៊ីម សារ៉ាវុធ មានប្រសាសន៍ថា៖ « ការរៀនជាមួយគ្រូនៅសាលាបន្ថែមជាមួយនឹងយើងចេះស្វ័យសិក្សាដោយខ្លួនឯងជាគោលផងដែរនោះ ខ្ញុំជឿជាក់ថាវាជាវិធីល្អសាកសមចំពោះពួកគាត់ ដើម្បីឱ្យទទួលបានជោគជ័យ និងរៀនបានពូកែក្នុងសាលា »។

លោកបន្ដថា៖« ជាធម្មតា ការសិក្សាស្រាវជ្រាវ ចំណេះដឹងនានា សុទ្ធតែទាមទារឱ្យយើងម្នាក់ៗ មានបំណិនអាន សរសេរ ស្ដាប់ និងវិភាគទៅលើចំណេះដឹងទាំងនោះ ហើយបើសិស្សនិស្សិតមានចំណង់ចំណូលចិត្តអានសៀវភៅ ឯកសារពាក់ព័ន្ធផ្សេងៗ មិនថាតាមមធ្យោបាយតាមការរៀនបង្រៀនតាមប្រព័ន្ធអនឡាញ ឬគ្រូបង្រៀនដោយផ្ទាល់ក៏ដោយ។ម្យ៉ាងវិញទៀត និស្សិត គួរតែរំលឹកមេរៀន និងមើលមេរៀនមុននឹងទៅសាលារៀន នោះពួកគាត់យកចិត្តទុកដាក់តាមដាន និងមានចម្ងល់ចង់សួរមេរៀនឱ្យបានលម្អិត និងច្បាស់លាស់ »។

លោកបន្ដទៀតថា៖ « អ្វីដែលសំខាន់នោះ ថាតើនិស្សិតផ្ទាល់មានការតស៊ូ អត់ធ្មត់ និងព្យាយាមនឹងការសិក្សាដែរឬទេ ទៅលើការសិក្សាមុខវិជ្ជាទាំងនោះ ហើយចេះប្រើប្រាស់ការប្រឹងប្រែងព្យាយាមដែលខ្លួនមាន យកទៅអនុវត្តឱ្យមានប្រយោជន៍ និងប្រើការបានបន្ទាប់ពីបញ្ចប់ការសិក្សា? ជាទូទៅ និស្សិតភាគច្រើន យល់ដឹងបានច្រើនពីរបៀបការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នៅកម្រិតថ្នាក់សាកលវិទ្យាល័យ នេះវាជារឿងល្អ។ យ៉ាងណាមិញ និស្សិតមួយចំនួនផ្សេងទៀត នៅតែមិនទាន់ដឹងពីរបៀបស្រាវជ្រាវមេរៀនបានត្រឹមត្រូវ ធ្វើពួកគាត់ប្រើក្នុងផ្លូវមិនត្រឹមត្រូវ និងវង្វេងក្នុងប្រព័ន្ធបណ្ដេញសង្គមដោយមិនបានសិក្សាស្រាវជ្រាវបានត្រឹមត្រូវហើយ ថែមទាំងខ្ជះខ្ជាយខាតបង់ប្រាក់កាស ពេលវេលាដ៏មានតម្លៃរបស់ពួកគាត់ទៀត »។

លោក អ៊ីម សារ៉ាវុធបន្ដថា៖ « ការសិក្សារបស់សិស្សនិស្សិតសព្វថ្ងៃ ទាមទារឱ្យពួកគាត់រៀនច្រើន ទាំងនៅផ្ទះ និងនៅសាលា រៀនហើយរៀនទៀត អានច្រើនឱ្យកើនចំណេះដឹង ដើម្បីប្រកួតប្រជែងជាមួយបណ្ដានិស្សិតផ្សេងៗទៀត។ ជួនកាល មាននិស្សិតមួយចំនួន សុខចិត្តបង់ថ្លៃសាលាវគ្គខ្លីៗ ដើម្បីចូលរៀនសិក្សាបន្ថែមលើជំនាញគាត់ចង់រៀន។ បើនិយាយពីការលើកទឹកចិត្តពីគ្រួសារ មនុស្សជុំវិញខ្លួន ជាពិសេសគឺនិស្សិតខ្លួនឯងផ្ទាល់ ដែលជាវិធីមួយដែលមិនអាចរំលងបាន ដើម្បីជំនួយដល់ការសិក្សារបស់ពួកគាត់ » ។

ក្នុងនាមលោកជាគ្រូបង្រៀន បទពិសោធន៍យូរឆ្នាំម្នាក់ នៅសាកលវិទ្យាល័យវេស្ទើន លោកគិតថា សិស្សនិស្សិតនៅថ្នាក់សាកលវិទ្យាល័យទាំងឯកជនក្ដី និង តាមស្ថាប័នរដ្ឋក្ដី ដើម្បីឱ្យមានការសិក្សាស្រាវជ្រាវមេរៀន ស្របតាមបរិបទត្រឹមត្រូវ និងមានប្រសិទ្ធិភាព ទាមទារឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ មានដូចជាក្រសួងអប់រំ យុវជននិងកីឡា សាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និងឯកជនត្រូវសហការគ្នា អនុវត្តច្បាប់ វិន័យអប់រំ កម្មវិធីសិក្សា ការបង្រៀននិងរៀន ប្រកបដោយប្រសិទ្ធិភាព និងក្នុងគោលដៅរួមគ្នាជួយបង្ហាញផ្លូវដល់សិស្សនិស្សិត ធ្វើដំណើរទៅភាពជោគជ័យ មានធនធានមនុស្សប្រកបដោយការអប់រំខ្ពស់ និងប្រទេសជាតិរីកចំរើន »។

គួរបញ្ជាក់ថា លោក សារ៉ាវុធ មានបទពិសោធន៍ជាច្រើនឆ្នាំផ្នែកវិស័យអប់រំ។នៅដើមឆ្នាំ១៩៩៦ លោកបានចូលបង្រៀននៅសាលាវេស្ទើនអន្តរជាតិ។លោកគ្រូជាគ្រូបង្រៀនគួរឱ្យគោរពម្នាក់ ព្រោះថាលោក លោកគ្រូស្រលាញ់ការចែករំលែក ចំណេះដឹង និងបទពិសោធន៍ទាំងផ្នែកការអប់រំវិជ្ជាជីវៈ ផ្នែកបំណិនជីវិត បំណិនចំណេះដឹងនានា ទៅដល់សិស្សនិស្សិតជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង