
ភ្នំពេញ៖ ប្រធានរដ្ឋបាលព្រៃឈើ នៅល្ងាចថ្ងៃទី ២៨ មិថុនានេះ បានបដិសេធចំពោះពាក្យចចាមអារ៉ាម រឿងបុរសជនជាតិចិនដែលចិញ្ចឹមសត្វតោខុសច្បាប់ ត្រូវរងការផាកពិន័យចំនួន៣ម៉ឺនដុល្លារ ដោយបច្ចុប្បន្នការកំណត់ផាកពិន័យកំពុងស្ថិតក្នុងការស្រាវជ្រាវ។
លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានលើកឡើងថា ចំពោះករណីនេះ ខាងក្រុមការងារមិនទាន់កំណត់ចំនួនទឹកប្រាក់ ក្នុងការផាកពិន័យលើបុរសជនជាតិចិននេះទេ។
លោកបន្ថែមថា ការពិន័យនេះ នឹងមានការព្រមានដោយធ្វើកិច្ចសន្យាមិនឱ្យមានការចិញ្ចឹមសត្វព្រៃបន្តទៀត និងមានការពិន័យជាទឹកប្រាក់ តែមិនដល់ថ្នាក់ជាប់ពន្ធធនាគារនោះទេ។
ឆ្លើយតបនឹងសំណួរថា មានសារព័ត៌មានចុះផ្សាយថា ជនជាតិចិនរងការពិន័យជាទឹកប្រាក់៣ម៉ឺនដុល្លារពីបទចិញ្ចឹមសត្វព្រៃមិនមានការអនុញ្ញាត ប្រធានរដ្ឋបាលព្រៃឈើបកស្រាយថា៖ «ការពិន័យជាទឹកប្រាក់គឺគេគុណនឹង៣ ដូច្នេះបើសត្វតោនោះទិញមកក្នុងតម្លៃមួយម៉ឺនដុល្លារ បើគុណនឹង៣គឺ ពិន័យ៣ម៉ឺនដុល្លារ តែជាក់ស្ដែងមិនទាន់កំណត់ចំនួនទឹកប្រាក់ក្នុងការផាកពិន័យនោះទេ ដូច្នេះកុំទាន់មានការយល់ច្រលំឱ្យសោះ »។
លោកបញ្ជាក់ថា ការផាកពិន័យពីជនជាតិចិននេះ មិនមែនក្នុងចំនួន៣ម៉ឺនដុល្លារនោះទេ ដោយខាងក្រុមការងារកំពុងតែដោះស្រាយហើយសំណងប៉ុន្មានៗនោះនៅមិនទាន់ប្រាកដទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃ២៧ មិថុនា រដ្ឋបាលព្រៃឈើ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ចុះទៅធ្វើការរឹបអូស និងបញ្ជូនសត្វតោ ដែលចិញ្ចឹមដោយជនជាតិចិន ទៅធ្វើការថែទាំនៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ៕